ខេត្តស្វាយរៀង៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា និងព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាតម្លៃ សន្តិភាព ចំណែកឯអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម របៀបរៀបរយ សាធារណៈ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបាន កាន់តែល្អប្រសើរ។
ការអំពាវនាវយ៉ាងដូច្នេះ ក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា (សាលាបុណ្យ) ស្ថិតនៅមរណីដ្ឋានទេសចរណ៍ ប្រាសាទ ព្រៃបាសាក់ ភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ និងមានការចូលរួមអមដំណើរដោយលោកស្រី ហង់ភារី អ៊ឹមសិទ្ធី និងលោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី ព្រមទាំងអ្នក តំណាងរាស្ត្រមណ្ឌលស្វាយរៀង មន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ថ្ងៃនេះពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ អស់លោក-លោកស្រី លោកតា-លោកយាយ លោកពូ-អ្នកមីង និងបងប្អូន-ក្មួយៗទាំងអស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសាលាបុណ្យ១ខ្នង មានបណ្តោយ ១៧ម៉ែត្រកន្លះ ទទឹង៧ម៉ែត្រកន្លះ ប្រក់ក្បឿង នៅតំបន់វប្បធម៌ប្រវត្តិសាស្ត្រ ព្រៃបាសាក់ ស្ថិតនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែមានមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងរួមសុខរួមទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាង គ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកស្រី បានបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីទឹកចិត្តបុណ្យ និងសទ្ធាជ្រះថ្លា របស់លោក អ៊ឹម សិទ្ធី និងលោកស្រី ហង់ ភារី អ៊ឹម សិទ្ធី រួមជាមួយលោក អូន ព័ន្ធមុនីរ័ត្ន និងលោកស្រី អ៊ឹម ប៉ូលីកា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និងញាតិមិត្តពុទ្ធបរិស័ទ ជិតឆ្ងាយទាំងអស់ ចូលរួមចាប់មគ្គផលក្នុងការកសាងសាលាបុណ្យ១ខ្នង ថ្មីស្រឡាងនេះ។
លោកស្រីថា សាលាបុណ្យនេះ ត្រូវបានផ្តួចផ្តើមកសាងឡើងដោយ លោក អ៊ឹម សិទ្ធិ ហើយគ្រោងនឹងធ្វើបុណ្យឆ្លងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧មកម៉្លេះ ប៉ុន្តែជាអកុសល លោក អ៊ឹម សិទ្ធី ត្រូវបានទទួលមរណភាពមុនការរៀបចំពិធីបុណ្យឆ្លងនេះ។ ចំពោះសមិទ្ធផលដែលកំពុងប្រារព្ធសម្ពោធថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលជាច្រើនឥតគណនា ដែលរាជរដ្ឋាភិបាលរួមជាមួយព្រះតេជគុណ លោក-លោកស្រី សប្បុរសជនជិតឆ្ងាយ បានខិតខំពុះពារកសាងឲ្យកើតជាសមិទ្ធផលនេះ។
លោកស្រី ម៉ែន សំអន ជំរុញឲ្យអាជ្ញាធរ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ ទូទាំងស្រុកស្វាយជ្រំ ក៏ដូចជាអាជ្ញាធរខេត្ដស្វាយរៀង បន្ដបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ជាពិសេសត្រូវចុះឲ្យដល់មូលដ្ឋាន ជាក់ស្ដែងក្ដាប់ឲ្យបានច្បាស់លាស់ ពីកង្វះខាតសំណូមពរផ្សេងៗ ដែលប្រជាពលរដ្ឋនៅមូលដ្ឋាន ត្រូវការជាចាំបាច់ដើម្បីរួមចំណែកកាត់បន្ថយភាព ក្រីក្រ និងជួយលើកកម្ពស់ជីវភាព រស់នៅរបស់ពួកគាត់ ឲ្យកាន់តែល្អប្រសើរ។
លោកស្រីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យ លើកស្ទួយកិត្តិនាមជាតិ នៅលើឆាកអន្តរជាតិ ជាពិសេស ពន្លត់ភ្លើងសង្គ្រាមរុំារ៉ៃ ការពារបូរណភាពទឹកដីធានា បាននូវស្ថិរភាព នយោបាយកំណើនសេដ្ឋកិច្ច ប្រមាណជាង ៧% នៅបណ្តាឆ្នាំចុងក្រោយនេះ។
សម្តេចតេជោ បានថ្លែងផ្ដាំថា និយោជិត និងនិយោជក ជាដៃគូជីវិត និងគ្នា ត្រូវតែចេះយោគយល់អធ្យាស្រ័យឲ្យគ្នា ហើយព្យាយាមដោះស្រាយ ឲ្យបានល្អប្រសិនបើមានបញ្ហាកើតឡើង ។ លើសពីនេះ ដើម្បីជួយសម្រួលដល់ជីវភាព បងប្អូនកម្មករឲ្យបានល្អប្រសើរ សម្តេចតេជោ បានប្រកាសឲ្យសាលារាជធានី ផ្តល់សេវារថយន្តក្រុងសាធារណៈ ដឹកជញ្ជូនកម្មករដោយ ឥតគិតថ្លៃរយៈពេល២ឆ្នាំ និងឲ្យអាជ្ញាធរពិនិត្យ ក្នុងការតបណ្តាញទឹក ភ្លើងទៅតាមបន្ទប់ជួលរបស់ពួកគាត់។
ចំពោះកម្មការិនីមានផ្ទៃពោះនឹងត្រូវបេឡាសន្តិសុខសង្គម (ប.ស.ស) ផ្តល់ប្រាក់បន្ថែម១២០% សម្រាប់ការសម្រាលបុត្រ ចំណែករបបសន្តិសុខសង្គមផ្នែកសេវាថែទាំសុខភាព ចាប់ពីខែមករា ឆ្នាំ២០១៨ ទៅគឺខាងនិយោជក (ក្រុមហ៊ុន) ទទួលចំណាយទាំងស្រុង។ ចំពោះប្រាក់សោធនិវត្តន៍ចាប់ពីឆ្នាំ២០១៩ ទៅនឹងទទួលបានប្រាក់សោធនិវត្តន៍ដូចមន្ត្រីរាជការដែរ។សម្តេចតេជោ បានរំលឹកថា កម្ពុជាបានប្តូរពីប្រទេសដែលមានសង្គ្រាមមកជាប្រទេស មានសុខសន្តិភាពពេញលេញ ដូរពីប្រទេសក្រីក្រ១០០% មកជាប្រទេសមានអត្រាក្រីក្រតែ ១៣.៥% ជាពិសេស ដូរពីកម្មករដែលមានប្រាក់ខែត្រឹម៥០ដុល្លារទៅជាងប្រាក់ខែ ១៧០ដុល្លារ រួមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដែលនោះជាការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន ដែលច្បាស់លាស់ណាស់ គឺមានតែ «គណបក្សប្រជាជនកម្ពុជា» តែមួយគត់ដែលអាចដូរ នូវអ្វីៗគ្រប់បែបយ៉ាងឲ្យបានល្អប្រសើរសម្រាប់កម្ពុជាទាំងមូល ហើយក៏គ្មានក្រុមណា គណបក្សនយោបាយណា ចូលរួមពន្លត់ភ្លើងសង្គ្រាមដូចគណបក្សប្រជាជនទេ។
កន្លងមកមានគណបក្សប្រឆាំង ដោយ កឹម សុខា បានដើរញ៉ោះញ៉ុង បំផ្លៃការពិត រារាំងដល់ការអភិវឌ្ឍន៍ជាតិ និងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ តាមរយៈបដិរវត្តន៍ព័ណ៌ ប៉ុន្តែទង្វើដ៏អគតិនោះ ត្រូវបានបរាជ័យ ដោយសារតែការទប់ស្កាត់បានទាន់ ពេលវេលារបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោកស្រី ម៉ែន សំអន បានអំពាវនាវ ដល់ប្អូនទាំងអស់គ្នា ចូលរួមថែរក្សាតម្លៃនៃសន្តិភាព ចំណែកឯអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តខិតខំថែមទៀត ក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សង្គមរបៀប រៀបរយ សាធារណៈ បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ អនុវត្ដឲ្យបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ មានសុវត្ថិភាព រួមមាន៖ ១៖ គ្មានសកម្មភាព ឆក់ ប្លន់គ្រប់ប្រភេទ, ២៖ គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់, ៣៖ គ្មានអំពើអាណាចារ្យការជួញ ដូរស្រ្តី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ, ៤៖ គ្មានក្មេងទំនើង, ៥៖ គ្មានការលេងល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៦៖ គ្មានគ្រោះថ្នាក់ចរាចរណ៍, ៧៖ គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, ៨៖ មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះ គ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព, និង៩៖ គ្មានការត្រួតពិនិត្យខុសច្បាប់ បន្ដជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ខិតខំដោះស្រាយឱ្យបានល្អនូវបាតុភាពផ្សេងៗក្នុងមូលដ្ឋាន។
លោកស្រីថា ចូលរួមថែរក្សាសមិទ្ធផលនេះ ថែរក្សាគង់វង្ស, ចូលរួមថែរក្សាបរិស្ថាន ដូចជាកាប់ដើមឈើ ជីករំលើងនៅទីទួលបុរាណ នៅជុំវិញតំបន់វប្បធម៌ប្រវត្តិសាស្ត្រព្រៃបាសាក់ ដើម្បីជាការទាក់ទាញដល់ភ្ញៀវទេសចរមកទស្សនានៅក្នុងតំបន់នេះ, បងប្អូនប្រជាពលរដ្ឋជាកសិករត្រូវត្រៀមខ្លួន ក្នុងការបង្ករបង្កើនផលក្នុងរដូវស្សានេះ។ ដោយឡែកសមាជិកក្រុម ប្រឹក្សា ឃុំ-សង្កាត់ ត្រូវត្រៀមខ្លួនសម្រាប់ចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទី៤ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ៕ យឹម សុថាន