ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ តំណាងអយ្យការអម សាលាដំបូងខេត្តមណ្ឌលគិរីបានបញ្ចប់នីតិវិធីសាកសួរលើជនដៃដល់ និងជនសង្ស័យ ទាំងអស់៦នាក់ ដែលពាក់ព័ន្ធបាញ់សម្លាប់អ្នកភិរក្សព្រៃឈើ៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ហើយផ្តើមចោទប្រកាន់ពួកគេពីបទមនុស្សឃាតគិតទុកជាមុន។
ជនដៃដល់ឈ្មោះ ផល ពេញ ត្រូវបាន ចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជា មុន។ រីឯជនល្មើស៥នាក់ទៀតត្រូវបាន ចោទប្រកាន់ច្រើនបទល្មើស ដូចជាបទ សមគំនិតក្នុងអំពើមនុស្សឃាតគិតទុកជា មុន និងបទសម្រួលឲ្យកើតមានអំពើមនុស្ស ឃាតគិតទុកជាមុនជាដើម។ នេះបើតាម លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង និងជា អ្នកនាំពាក្យតុលាការសាលាដំបូងខេត្ត មណ្ឌលគិរី។
លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យអយ្យកាអមសាលាដំបូង ខេត្តមណ្ឌលគិរី ដែលកាន់សំណុំរឿងក្តី ឃាតកម្មបាញ់សម្លាប់អ្នកការពារព្រៃឈើ ៣នាក់បានបញ្ជាក់ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ថា តំណាងអយ្យការទើបតែ បញ្ចប់ការសាកសួរ និងចោទប្រកាន់លើ ជនដៃដល់ និងជនជាប់ចោទទាំង៦នាក់ ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ច្រើន បទល្មើស ដែលក្នុងនោះឈ្មោះ ផល ពេញ ជាជនដៃដល់ត្រូវបានចោទប្រកាន់ពីបទ មនុស្សឃាតគិតទុកជាមុន។ រីឯអ្នក៥នាក់ ទៀតខ្លះត្រូវចោទពីបទសមគំនិត និង សម្រួលឲ្យកើតមានអំពើមនុស្សឃាតគិត ទុកជាមុនជាដើម។
សូមបញ្ជាក់ថា ជនល្មើសទាំង៦នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្ត មណ្ឌលគិរី កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីជនល្មើសទាំងនោះ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយអំពើឃាតកម្មបាញ់សម្លាប់មន្ត្រីកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស មន្ត្រីបរិស្ថាន និងបុគ្គ លិកអង្គការបរិស្ថាន កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្នុងពេលអ្នកអភិរក្សព្រៃឈើទាំង៣នាក់ចុះបង្ក្រាបបទល្មើស កាប់ឈើក្នុងតំបន់អភិរក្សសត្វព្រៃកែវសីមា ជាប់ព្រំដែនវៀតណាម។
ជនដៃដល់ និងជនពាក់ព័ន្ធទាំង៦នាក់ រួមមាន ទី១-ឈ្មោះ ផល ពេញ នាយនគរ បាលប៉ុស្ដិ៍អូរលែ នៃវរការពារព្រំដែនលេខ ៦២១ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ ទី២ ខែ កុម្ភៈ ស្ថិតនៅហាងគុយទាវមួយកន្លែង ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាអ្នក បាញ់ជនរងគ្រោះទាំង៣នាក់, ទី២-ឈ្មោះ កើត វេហា ហៅឆៃ ជាទាហានការពារព្រំ ដែន ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែមករា ជាជនពាក់ព័ន្ធ, ទី៣-ឈ្មោះ កើត វេតា ជាទាហានការពារព្រំដែន, ទី៤-ឈ្មោះ ឡាយ សាវី ជាទាហានការពារ ព្រំដែន, ទី៥-ឈ្មោះ ទន់ ធារ៉ា ជាមន្ដ្រីនគរ បាលប៉ុស្ដិ៍អូរលែ ដែលអ្នកទាំង៣នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១ ខែកុម្ភៈ និងទី៦-ឈ្មោះ ឈាង វ៉ាន់និត ប្អូនថ្លៃ ផល ពេញ ត្រូវបានចាប់ខ្លួន នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨។
ដោយឡែកជនរងគ្រោះទាំង៣នាក់ រួមមាន មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគមអភិ រក្សសត្វព្រៃ Wildlife Conservation Society (WCS) ឈ្មោះ ថុល ខ្នា ដែលការបាញ់ ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ។
សូមរំឭកថា នៅក្នុងតំបន់អភិរក្សសត្វ ព្រៃកែវសីមានេះតែងតែមានបទល្មើសព្រៃ ឈើធំៗរាប់មិនអស់ ហើយមន្ត្រីមានអំណាច មានអាវុធនៅក្នុងខេត្តធ្លាប់មានជាប់ពាក់ព័ន្ធ ជាហូរហែ។ ប៉ុន្តែមិនទាន់មានមន្ត្រីណាម្នាក់ ត្រូវបានតុលាការផ្តន្ទាទោសឡើយ។
នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រសួងបរិស្ថានបានចេញសេចក្តីថ្លែងការណ៍ អំពីករណីឃាតកម្មលើមន្ត្រីឧទ្យានុរក្ស មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីអង្គការ សមាគមអភិរក្សសត្វព្រៃនៅក្នុងខេត្ត មណ្ឌលគិរី។ ក្រៅពីសោកស្តាយចំពោះ ការបាត់បង់វរជនការពារ និងអភិរក្សធន ធានធម្មជាតិទាំង៣រូប ក្រសួងបរិស្ថានក៏បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ឲ្យរួមការពារ និងអភិរក្សធនធានធម្មជាតិ របស់យើងឲ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ ដល់មនុស្សរាប់ជំនាន់តទៅមុខទៀត៕ ហេង នរិន្ទ្រ