ព័ត៌មានទាន់ហេតុការណ៍៖

ព្រះរាជអាជ្ញាកោះហៅឈ្មួញដី២នាក់ឱ្យចូលខ្លួនបំភ្លឺ ពាក់ព័ន្ធសំណុំរឿងឆបោក និងរំលោភលើទំនុកចិត្ត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ បានចេញដីកាកោះ ចំនួន ២ច្បាប់ បង្គាប់ឱ្យឈ្មួញរកស៊ីដី ២នាក់ចូលខ្លួនទៅបំភ្លឺ ពាក់ព័ន្ធដំណើររឿង ឆបោក និងរំលោភលើទំនុកចិត្ត។

យោងតាមដីកាកោះ ដែលក្រុមអ្នកសារព័ត៌មានទទួលបាន លោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យ ឈ្មោះ សេង ដាលីន ភេទស្រី និងឈ្មោះ ឡាយ សំណាង អាយុ ៣៦ ឆ្នាំទីលំនៅផ្ទះលេខ២៦អឺសេរ៉ូ ផ្លូវ៣៣៦ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចូលខ្លួនទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដើម្បីស្តាប់ការសាកសួរ ពាក់ព័ន្ធ ដំណើររឿង ដែលដើមបណ្តឹងឈ្មោះ ស៊ីម តារា ប្តឹងពីបទ ឆបោក និងរំលោភលើទំនុកចិត្ត។

ប្រភពបពីមន្ត្រីសាលាដំបូងបានឱ្យដឹងផងដែរថា កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដើមបណ្តឹងឈ្មោះ ស៊ីម តារា ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅផ្ទះលេខ៣៨ ផ្លូវទី១ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងឈ្មោះ សេង ដាលីន និងឈ្មោះ ឡាយ សំណាង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់អ្នកទាំង២នាក់ថា បាន ឆបោក គំរាមកំហែងប្តឹងបរិហារ និងរំលោភលើទំនុកចិត្ត។

ពាក្យបណ្តឹងនោះ បានបញ្ជាក់ថា កាលពីអំឡុងឆ្នាំ២០១៦ ដើមបណ្តឹងឈ្មោះ ស៊ីម តារា បានទិញដីឡូតិ៍ ចំនួន ៣១២ឡូតិ៍ ពីឈ្មោះ សេង ដាលីន និងឈ្មោះ ឡាយ សំណាង មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីលក់បន្តឱ្យអតិថិជន។

ការទិញលក់ដីឡូតិ៍នេះ ដើមបណ្តឹងបានបង់ប្រាក់រំលស់ទៅឱ្យឈ្មោះ សេង ដាលីន និងឈ្មោះ ឡាយ សំណាង ជាប្រចាំខែ បានជិត៧០ម៉ឺនដុល្លារ រួចរាល់ ប៉ុន្តែឈ្មោះ សេង ដាលីន និងឈ្មោះ ឡាយ សំណាង មិនព្រមរត់ការកាត់ប្លង់ដីនោះឱ្យដើមបណ្តឹង ឬអតិថិជនដែលទិញដីពីគម្រោង លក់ដីឡូតិ៍ អភិវឌ្ឍន៍លំនៅដ្ឋាន អង្គបុស្ប នោះទេ ថែមទាំងគំរាមរំលាយកិច្ចសន្យាទិញលក់ដីឡូតិ៍រវាងពួកគេ និងដើមបណ្តឹងថែមទៀតផង។

ដោយមើលឃើញថា ភាគីអ្នកលក់មានគំនិតទុច្ចរិត ទើបដើមបណ្តឹងសម្រេចដាក់ពាក្យប្តឹងតែម្តងទៅ ដើម្បីឱ្យតុលាការជួយរកយុត្តិធម៌៕អរុណរៈ


ចែករំលែក៖