ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ភ្នំពេញពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ សម្តេចតេជោថ្លែងថា៖
«រាជធានីភ្នំពេញ កាលពីទើបរំដោះបានពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី ៧ មករា ១៩៧៩ គឺខ្ញុំបានជួបប្រជាពលរដ្ឋប្រមាណតែ៧០ នាក់ប៉ុណ្ណោះ។ សព្វថ្ងៃទីក្រុងភ្នំពេញមានជាង១លាននាក់ ហើយសូម្បីតែផ្ទៃដីក្រុងក៏ត្រូវបានពង្រីកដោយសារកំណើនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនោះ លំនៅដ្ឋាន ផ្លូវ ស្ពានអាកាស ក៏ត្រូវបានសាងសង់បន្ថែមនិងពង្រីកដើម្បីសម្រួលដល់ចរាចរណ៍គ្រប់ប្រភេទ។ រីឯចំនួនរថយន្ត និងម៉ូតូវិញក៏បានកើនឡើងយ៉ាងខ្លាំង។
ភ្នំពេញ ពីមុនជាទីក្រុងខ្មោច តែសព្វថ្ងៃបានក្លាយជាទីក្រុងវប្បធម៍ និងទេស ចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។ ខ្ញុំផ្ទាល់ មិននឹកស្មានថា ទីក្រុងភ្នំពេញយើងរីកចម្រើនលឿនបែបនេះឡើយ។ អ្វីដែលយើងសម្រេចបានមកទល់ថ្ងៃនេះ គឺដោយសាការខិតខំប្រឹងប្រែងធ្វើដោយខ្លួនយើងផ្ទាល់ គ្មាននរណាមកធ្វើអោយយើងទេ បើយើងមិនប្រឹងដោយខ្លួនយើង។ ច្បាស់ណាស់ គ្មានទេសចរ ឬមកវិនិយោគគិនណាចង់មកប្រទេសដែលមានសង្រ្គាមទេ។
អរគុណជនរួមជាតិដែលបានបានចូលរួមថែរក្សាការពារសន្តិភាព ហើយតែងតែគាំទ្រនឹងបោះឆ្នោតអោយ គណបក្សប្រជាជន ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើនរុងរឿងទៅមុខ»៕