ប៉ោយប៉ែត៖ វត្តមួយក្នុងចំណោម២៣វត្តនៅកណ្ដាលទីក្រុងរងការរិះគន់ពីអ្នកស្រុក រួមទាំងពុទ្ធបរិសទ័ចំណុះជើងវត្ត រងការរិះគន់គ្មានការអភិវឌ្ឍ រួមទាំងពិធីបុណ្យទានធំៗស្ងាត់ខុសពីវត្តដទៃ ប្រៀបបានដូចជាវត្តនៅ ឆ្ងាយគ្មានមនុស្សរស់នៅ ។
វត្តដែលនៅរងការរិះគន់ពីសំណាក់ពលរដ្ឋថា គ្មានអភិវឌ្ឍនោះគីមានឈ្មោះ វត្តបាលិលេយ្យ ដែលនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អ្នកស្រុកនិយាយគ្រប់គ្នាថា វត្តខាងលើនេះកកើតមុនវត្តផ្សេងៗ ក្នុងចំណោមវត្តទូទាំងក្រុងមានចំនួន២៣វត្ត ដោយវត្តទាំងនោះ មានការកសាងរួចរាល់ មានក្បាច់រចនាម៉ូដដ៏ល្អប្រណីត ដោយឡែកព្រះវិហារមួយត្រូវបានសាងសង់តាំងពីឆ្នាំ២០០១ ប៉ុន្តែហាក់ជាប់គាំងមិនទៅមុខ ម្តងធ្វើ ម្តងអត់ ។ ប្រសិនបើអ្នកធ្វើដំណើរធ្លាប់ឆ្លងកាត់ក្រុងប៉ោយប៉ែត អតីតស្រុកអូរជ្រៅ ឬឆ្លងទៅមកដីថៃ អ្នកណាក៏ស្គាល់ដែរ ។ រៀងរាល់បុណ្យទានធំៗ វត្តមួយនេះ ពុំសូវមានពុទ្ធបរិស័ទចេញ ចូល នោះទេ ខុសប្លែកពីវត្តដទៃ ។
អ្នកស្រុកបានលើកលើងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងប៉ោយប៉ែត ទាំងមូលហាក់បីដូចមិនមានការចាប់អារម្មណ៍មកលើវត្តនេះឡើយ ដោយមិនដឹងមូលហេតុអ្វីនោះទេ ពេលមានពិធីបុណ្យអ្វីមួយកើតឡើង ពេលក្រុមអ្នកសារព័ត៌មានសាកសួរនាំលើបញ្ហានេះ តាអាចារ្យ និងពុទ្ធបរិសទ្ធនៅទីនោះ មិនមានវាចា ហាក់បីដូចជា ពិបាកក្នុងការបញ្ចេញមតិ ដេញដោលសួរគ្នាទៅវិញ។
ជុំវិញវត្តរងការរិះគន់ខាងលើនេះ លោក ស៊ាន សេងហុក ប្រធានការិយាល័យធម្មការ និងសាសនាក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា បញ្ហាវត្តបាលិលេយ្យ ដែលមិនអភិវឌ្ឍមិនទៅមុខនោះ ព្រោះថាចៅអធិការវត្ត និងគណៈកម្មការ ឬអាចារ្យ និងចៅអធិការវត្ត មិនចុះសម្រុងនឹងគ្នា ដោយសារចៅអធិការវត្តមួយនេះ ធ្វើអ្វីមិនស្តាប់គេឯង ជំនះរកតែត្រូវអត្តនោម័តតែម្នាក់ឯង ទើបក្រុមគណៈកម្មការ និងចៅអធិការវត្តមួយនេះចាំមើលបំណាំគ្នា ទើបការកសាងមិនទៅមុខ។
សុំបញ្ជាក់ថា នៅក្នុងខែមករា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ប្រធានក្រុមហ៊ុនកាស៊ីណូ WINSOR អតីត PARADISH បានស្នើសុំជួយអភិវឌ្ឍន៍ដូចជាចាក់ដីចាក់បេតុង ដោយមើលឃើញពីការខ្វះខាតមិនតែប៉ុណ្ណោះ ប្រធានក្រុមហ៊ុនបានចុះពិនិត្យបរិវេណវត្ត និងវាស់វែងជាមួយក្រុមជាងខ្មែរ ថៃផងដែរ បែរជាចៅអធិការវត្តខាងលើបដិសេធន៍មិនឲ្យកសាង ធ្វើឲ្យគណៈកម្មការវត្ត និងអាជ្ញាធរខឹងសម្បារយ៉ាងខ្លាំង ពីបញ្ហានេះផងដែរ។
ទាក់ទិនចៅអធិការវត្តបាលិលេយ្យ ព្រះនាម ជា សំបូរ ហៅ ជា គឹមយឿត ហៅ ម៉ៃ ថៃសាន់ មិនអាចសុំការបកស្រាយបានឡើយព្រោះថា មិនស្គាល់លេខទូរសព្ទ័៕ វណ្ណា