ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៥៥។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កាលពីវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុច០៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ សូ សម្បាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅចំណុច និងភូមិ.ឃុំកើតហេតុខាងលើ ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះទៅដល់ចំណុចកើតហេតុស្រាប់តែបុកជាមួយរថយន្តពេញទំហឹង ខណៈកំពុងធ្វើចរាចរណ៍បញ្រ្ចាសទិសគ្នាកើតលិច បណ្ដាលឲ្យបុើងទាំងម៉ូតូទាំងអ្នកបើកបរធ្លាក់ស្នាបភ្លោះស្លាប់មួយរំពេជ។
ប្រភពព័ត៌មានខាងលើបន្តថា រថយន្តម៉ាក សាំយ៉ុង ពណ៏ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB 6602 បើកបរដោយអាញាត់ជន(រត់គេចខ្លួន) ករណីខាងលើសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារសាច់ញាតិទទួលយក ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត សមត្តកិច្ចបានយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន