ភ្នំពេញ៖ នៅវេលាថ្ងៃត្រង់ទី០៦ ខែកុម្ភៈ នេះលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ចប់ការផ្តល់ចម្លើយជូនលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ហើយ ។
លោក ឈឹម ផលវរុណ អះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកផ្តល់ចម្លើយតែការពិតប៉ុណ្ណោះ ពាក់ព័ន្ធដែលលោក កឹម សុខា ធ្លាប់ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ។ ក្រៅពីនេះ លោកសុំមិនធ្វើអធិប្បាយទេ ព្រោះប៉ះពាល់ការស៊ើបអង្កេតរបស់តុលាការ។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូ មួយបង្ហាញថា លោកបានសារភាពអំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់សហរដ្ឋអាមេរិក ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។
លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស «ក្បត់ជាតិ» ដែលអាចប្រឈមមុខនឹង ការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ៣០ឆ្នាំ។ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ហាញថា លោក កឹម សុខា ជាប់ចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស » តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
ទោះបីជាមានបណ្តឹងជំទាស់ និងបណ្តឹងសុំនៅក្រៅឃុំជាបន្តបន្ទាប់ក្តី ប៉ុន្តែនាថ្មីៗនេះ ទាំងសាលាឧទ្ធរណ៍ និងតុលាការកំពូល បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីការពារក្ដី លោក កឹម សុខា ដែលប្តឹងប្រឆាំងនឹងដីកាសម្រេចឃុំខ្លួន លោក កឹម សុខា ដោយស្ថាប័នតុលាការ អះអាងថា ការសម្រេចឃុំខ្លួន លោក កឹម សុខា ជារឿងត្រឹមត្រូវតាមផ្លូវច្បាប់៕ ចេស្តា