ព័ត៌មានទាន់ហេតុការណ៍៖

ស្វែងរកយន្តហោះ MH370 នាវារុករកទំនើបបំផុតលើពិភពលោកបាត់ខ្លួនពីប្រព័ន្ធរ៉ាដា

ចែករំលែក៖

នាវាស្វែងរកប្រភេទ Seabed Constructor ដឹកនាំក្រុមនាវាក្នុងការស្វែងរកយន្តហោះ MH370 បាត់ខ្លួន នៅពេលនេះ នាវាខាងលើ ក៏បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដារយៈពេល៣ថ្ងៃមកហើយ។

នាវារុករកខាងលើជារបស់ប្រទេសន័រវេយ ត្រូវបានក្រុមហ៊ុន Ocean Infinity ជួលដើម្បីស្វែងរកយន្តហោះម៉ាឡេស៊ី ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ជាមួយនឹងអ្នកដំណើរ អាកាសយានិក២៣៩ក្រោយពេលហោះហើរចេញពីទីក្រុងកូឡាឡំពួរទៅកាន់ប្រទេសចិន។

នៅពេលនេះ ប្រព័ន្ធទំនាក់ទំនងនៅលើនាវារុករកខាងលើ ត្រូវបានបិទរយៈពេល៣ថ្ងៃកន្លងមក។ ការបាត់ខ្លួននាវារុករកខាងលើ បានធ្វើឲ្យក្រុមអ្នកស្វែងរកយន្តហោះ MH370 មានការតក់ស្លុតយ៉ាងខ្លាំង ហើយបានប្រៀបធៀបនឹងការបាត់ខ្លួនរបស់ MH370ផងដែរ ។ នៅពេលដែលយន្តហោះបាត់ខ្លួន ប្រព័ន្ធប្រកាសអាសន្ន និងទំនាក់ទំនងនៅលើយន្តហោះក៏ត្រូវកាត់ផ្តាច់ក្រោយជិត១ម៉ោងហោះហើរ។

ប៉ុន្តែខុសពីយន្តហោះ នាវារុករក Seabed Constructor បានទំនាក់ទំនង ឡើងវិញជាមួយមន្ទីរបញ្ជាការក្រោយកាត់ផ្តាច់៣ថ្ងៃ ហើយពេលនេះ នៅតែបន្តសកម្មភាពរបស់ខ្លួននៅមហាសមុទ្រឥណ្ឌាដដែល ។

នាវាSeabed Constructor ជាប្រភេទទំនើបបំផុតលើពិភពលោក ដោយមានប្រព័ន្ធបច្ចេកវិទ្យា ទំនើបនៅក្នុងការស្វែងរកយន្តហោះបាត់ខ្លួន។

កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលម៉ាឡេស៊ី និងក្រុមហ៊ុនស្វែងរកយន្ត ខាងលើដោយមានតម្លៃរហូតដល់ទៅ ៧០លានដុល្លារ ប្រសិនបើរកឃើញនៅក្នុងរយៈពេល៩០ថ្ងៃ ៕ ម៉ែវ សាធី


ចែករំលែក៖