ភ្នំពេញ៖ ក្រុមហ៊ុនព្រូដិនសលកម្ពុជាបានទទួលនូវការសរសើរសម្រាប់ការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ។
ការទទួលនេះធ្វើឡើងកាលពីចុងខែមករា អគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជាលោក David Nutman បានឡើងទទួលលិខិតសរសើរពីលោក ស៊ុនចាន់ថុលទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
មូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍ថ្នាក់តំបន់របស់សាជីវកម្មព្រូដិនសលអាស៊ី និងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានសម្ពោធគម្រោងជំហានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងព្រឹត្តិការណ៍ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលបានរៀបចំនៅខេត្តព្រៃវែងក្នុងប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំមុន ។ បន្ទាប់ពីការសម្ពោធដោយជោគជ័យក្រុមហ៊ុនព្រូដិនសលកម្ពុជាបានអនុវត្តកម្មវិធីនេះបន្ថែមទៀតនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាបដោយបានលើកកម្ពស់ការយល់ដឹងស្តីពីសុវត្ថិភាពនៅតាមដងផ្លូវដល់ប្រជាពលរដ្ឋទូទៅតាមរយៈការចែកផ្សព្វផ្សាយឯកសារអប់រំនៅក្នុងខេត្តទាំងពីរនោះ ។
សម្តេចក្រឡាហោមសខេងបានមានប្រសាសន៍ថា៖ “ខ្ញុំសូមអបអរសាទរ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការជាតិ និងអន្តរជាតិក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទំនិញសិស្សនិស្សិតវិស័យឯកជន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ដែលបានចូលរួមគោរពប្រតិបត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់វិស័យសុវត្ថិភាពចរាចរណ៍រួមចំណែកក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់ និងភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ។
កម្មវិធីវិធានការសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺជាយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងតំបន់ ដែលមានបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទូទាំងតំបន់អាស៊ី ។
នៅកម្ពុជាកម្មវិធីនេះត្រូវបានសម្ពោធឲ្យអនុវត្តដោយចាប់ដៃគូសហការជាមួយអង្គការសម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោកហៅកាត់ថាCRY និងមានការគាំទ្រពីស្ថាប័នក្នុងស្រុកនានាដែលធ្វើការងារពាក់ព័ន្ធនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (NRSC) និងកាកបាទក្រហមកម្ពុជា (CRC)ជាដើម ។
អគ្គនាយក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman បានមានប្រសាសន៍ថា៖ “ពួកយើងមានមោទនភាពណាស់ចំពោះការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើងក្នុងការបម្រើប្រជាជនកម្ពុជាគ្រប់រូបហើយពួកយើងសូមថ្លែងអំណរគុណចំពោះការទទួលស្គាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះការខិតខំប្រឹងប្រែងរបស់ពួកយើងក្នុងការចូលរួមគាំទ្រដល់សហគមន៍មូលដ្ឋាននានាតាមរយៈការអនុវត្តនូវគំនិតផ្តួចផ្តើមផ្សេងៗដែលមានភាពវិជ្ជមាន និងប្រកបដោយអត្ថន័យដូចជាកម្មវិធីវិធានការសុវត្ថិភាពនេះជាដើម ” ។
ចាប់តាំងពីការបង្កើតនៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនព្រូដិនសលបានផ្តល់ផលិតផល និងសេវាធានារ៉ាប់រងអាយុជីវិតទូទាំងប្រទេសកម្ពុជា ។ ទន្ទឹមនឹងនេះក្រុមហ៊ុនតែងបង្ហាញឲ្យឃើញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់សេវាហិរញ្ញវត្ថុ និងការការពារដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាក៏ដូចជាការជួយដល់សហគមន៍នានាទូទាំងប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជាច្រើន ដែលផ្តោតលើសុវត្ថិភាពចរាចរណ៍ផ្លូវគោកសុវត្ថិភាពសាលារៀន ការអប់រំ ក៏ដូចជាវិស័យសុខភាព និងសុខុមាលភាពផងដែរ ៕ វឌ្ឍនា