ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្រ្តីនគរបាលខេត្តតាកែវថាអ្នកចង់ឡើងស័ក្កិ និងតួនាទីនោះទេ ពីព្រោះត្រូវបង់លុយ

ចែករំលែក៖

ខេត្តតាកែវ៖ ក្រុមមន្រ្តីនគរបាលខេត្តតាកែវបានទម្លាយឲ្យដឹងថា មន្រ្តីនគរបាលនៃស្នងការនគរបាលខេត្តតាកែវ ដែលបានឡើងស័ក្កិ និងតួនាទីកាលពីពេលថ្មីៗនេះ ត្រូវបានបង់លុយចាប់ពីប្រាំរយដុល្លារ ដល់ប្រាំមួយពាន់ដុល្លារ ។

ក្រុមមន្រ្តីដដែលបានបន្ដទៀតថា មន្ត្រីដែលបានឡើងស័ក្កិត្រូវចំណាយអស់ប្រាំរយដុល្លារ និងមន្រ្តី ដែលបានឡើងតួនាទី គឺត្រូវចំណាយលុយចាប់ពីប្រាំពាន់ដុល្លារឡើងទៅ ដូច្នេះក្រុមមន្រ្តី ដែលបានធ្វើការរាប់ឆ្នាំហើយគ្មានលុយ គឺបានតែទៅជួយអបអរសាទរ នៅពេល ដែលថ្នាក់លើចុះមកបំពាក់ស័ក្កិ និងធ្វើពិធីប្រកាសឡើងតួនាទីតែប៉ុណ្ណោះ ។

ក្រុមមន្រ្តីបានបញ្ជាក់បន្ថែមទៀតថា តួយ៉ាងដូចជាកូនលោក ងាន់ សារី អធិការស្រុកបាទីឈ្មោះលោក ងាន់ ប៊ុណ្ណា ពីនាយផ្នែកអត្តសញ្ញាណកម្ម មកជាអធិការរង ស្រុកសំរោង ចំណាយអស់ប្រាំមួយពាន់ដុល្លារ, លោក ពៅ ប៊ុនឡុង ពីនាយរងការិយាល័យបុគ្គលឹក មកជានាយការិយាល័យបណ្ដុះបណ្ដាល ។

ជុំវិញករណីខាងលើលោក ងាន់ សារី អធិការស្រុកបាទីបានឲ្យដឹងថា កូនចៅរបស់លោកឈ្មោះ ងាន់ ប៊ុណ្ណា ពិតជាបានឡើងតួនាទីពីនាយផ្នែកអត្តសញ្ញាណកម្ម ទៅជាអធិការរងនៅស្រុកសំរោងមែន ចំពោះរឿងចំណាយលុយ បើលោកមិននិយាយផង ហេតុអីបានជាមានអ្នកដឹង។

ចំណែកលោក ពៅ លន់ ស្នងការរងទទួលផែនធនធានមនុស្ស នៃស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា កូនរបស់លោកឈ្មោះ ពៅប៊ុនឡុង ដែលឡើងតួនាទីគឺលោកស្នើសុំថ្នាក់លើដោយផ្ទាល់។

លោកបន្ដទៀតថា ចំណែករឿងក្រុមមន្រ្តីនិយាយថា ពួកគាត់គ្មានលុយ និងខ្សែ ឬបក្ខពួក មិនបានសក្តិ និងតួនាទី មិនមែនមានតែខេត្តតាកែវមួយនោះទេ ខេត្តណាក៏មានដែរ។

ចំណែកលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានឲ្យដឹងថា សូមអ្នកការសែតមកជួបលោកទៅ លោកមិនបានដឹងរឿងអីអស់ទេ បើមកជួបលោកលោកនឹងបង្ហាញឯកសារជូន ៕ ភ្នំដា


ចែករំលែក៖