ព័ត៌មានទាន់ហេតុការណ៍៖

កំពុងឈរថតរូបនៅតាមផ្លូវ ត្រូវចោរឆក់កាមេរ៉ាថតរូប បានសម្រេច ព្យាយាមជិះម៉ូតូរត់គេចខ្លួន ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី២ ធ្វើការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពជិះម៉ូតូម្នាក់ឯង មកឆក់យកកាមេរ៉ាថតរូបម៉ាកNikon ពីបុរសម្នាក់ដែលកំពុងឈរថតរូបនៅតាមផ្លូវ បានសម្រេចហើយព្យាយាមជិះម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតនៅក្បែរនោះដេញចាប់ក្របួចបានតែម្តង ។

ករណីឆក់កាមេរ៉ាថតរូបខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៥៦៦កែងផ្លូវលេខ២៩១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះងោ សារុំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះខៀវ សុផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងដើរតាមផ្លូវរហូតមកដល់ចំណុចមុខ ក្លិនិចយីហោ” មីយ៉ូមេឌីកាល់” ដោយកាន់កាមមេរ៉ាមកថតរូប ស្រាប់តែពេលនោះលេចមុខជនសង្ស័យឈ្មោះងោ សារុំ បានជិះម៉ូតូមួយគ្រឿង ស្មាកវី ពណ៌ខ្មៅ ស្លាកលេខតាកែវ1I-7028 មកអែបក្បែរ រួចធ្វើសកម្មភាពឆក់កាមមេរ៉ាថតរូបរបស់គាត់បានសម្រេចតែម្តង ។ ហើយភ្លាមនោះ រូបគាត់ក៏បានស្រែកឆោឡោថាចោរៗ បង្កការភ្ញាក់ផ្អើលដល់សមត្តកិច្ចដេញចាប់បានភ្លាមៗនិងដកហូតបានវត្ថុតាងជាក់ស្តែងផងដែរ ។

ក្រោយកើតហេតុជនសង្ស័យឈ្មោះងោ សារុំ ត្រូវបានសមត្តកិច្ចនាំខ្លួនយកមកសាកសួរនៅប៉ុសិ៍នគរបាលបឹងកក់ទី២ និងបញ្ចូនបន្តទៅអធិការនគរបាលខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតីវិធី ៕ ស តារា


ចែករំលែក៖