ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពតចាប់ផ្តើមមានចំណាត់ការកែលម្អសោភ័ណភាពក្រុងកំពតទាក់ទាញទេសចរណ៍

ចែករំលែក៖

ខេត្តកំពតៈ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពតដែលទើបចូលទៅកាន់ដំណែងថ្មីៗ បានថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត នៅរសៀលថ្ងៃអង្គារ៦រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ថា “ខ្ញុំមិនអាចទ្រាំមើលក្រុងកំពតសុទ្ធតែធូលីដី និងសំរាមបានទេ”លោកថា ពាក្យថា “ក្រុង” មានន័យថា ជាកន្លែងមួយពោរពេញដោយសោភ័ណភាពទាក់ទាញ ដោយហេដ្ឋារចនាសម្ព័ន្ធរូបបវ័ន្ត មានការតុបតែងលម្អ ការដាក់ភ្លើងបំភ្លឺ ការរក្សាអនាម័យស្អាត និងមានបរិស្ថានល្អ។ ដូច្នេះ លោកមិនអាចមើលឃើញ ក្រុងកំពតមានធូលីដី និងសំរាមបានទេ ដូច្នេះលោកបានបង្កើតគណៈកម្មការក្រុមការងារមួយ ដើម្បីត្រួតពិនិត្យ កែលម្អសោភ័ណភាពក្រុង និងបានបញ្ជាឲ្យមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្ត ជួយរួមគ្នាធ្វើការងារនេះឲ្យលឿន តាមដែលអាចធ្វើបាន។

លោកបន្តថា ក្រុងកំពត បង្គោលភ្លើងបំភ្លឺ មានចំនួនតិច អំពូលភ្លើងខ្លះដាច់ មិនព្រមដូរ បង្គោលអំពូលខ្លះទៀតហ៊ំព័ទ្ធដោយមែកឈើមិនព្រមកាប់ ហើយមានកន្លែងខ្លះហាក់បីដូចជាទ្រុឌទ្រោម ត្រូវកែលម្អឡើងវិញ។ ចំណែកឯអនាម័យ និងបរិស្ថានពោពេញដោយសំរាម និងធូលីដី ។ ដើម្បីកែលម្អ និងលប់បំបាត់ ចំណុចទាំងនេះ លោកបានបង្កើតគណៈកម្មការក្រុមការងារមួយ ដើម្បីត្រួតពិនិត្យ កែលម្អ និងថែរក្សាអនាម័យ បរិស្ថានល្អ ដែលមានលោក នៃ គង់ អភិបាលរងខេត្ត ជាប្រធានដឹកនាំ និងលោក ចៅហ្វាយក្រុង ជាអនុប្រធានអចិន្ត្រៃយ៍ ។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ចៅហ្វាយក្រុង ត្រូវទទួលខុសត្រួវដោះស្រាយ និងសម្របសម្រួលរាល់បញ្ហាទាំងអស់នៅក្នុងក្រុង មិនត្រូវឆ្លើយថាមិនដឹង ឬទម្លាក់បន្ទុកឲ្យមន្ទីរ ឬ អង្គភាពណាមួយនោះទេ ហើយបើដោះមិនចេញទេ រុញទៅគណៈកម្មការត្រូតពិនិត្យ កែលម្អសោភ័ណភាពក្រុង ហើយបើនៅមិនចេញទៀត ទើបលោកជួយធ្វើអន្តរាគមន៍។

ជាមួយនោះដែរ លោកបានស្នើឲ្យរដ្ឋបាលសាលាខេត្ត រៀបចំធ្វើសេចក្តីសម្រេចលើការងារខាងលើជាបន្ទាន់ និងដោយមានការចូលរួមជួយពីមន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងការងារកែលម្អសោភ័ណភាពក្រុងកំពត ។ ចំណែកមន្ទីរអប់រំ និងបរិស្ថាន ត្រូវរួមគ្នាជួយ ដឹកនាំដើរប្រមូល ធ្វើម៉េចឲ្យក្រុងមានសោភ័ណភាពល្អ ។

ឯមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកបានបញ្ជាឲ្យបើកការដ្ឋានជាបន្ទាន់ ក្នុងសាងសង់ផ្លូវដែលលោកបានកំណត់ និងជួយដើរកាត់មែកឈើដែលបាំងអំពូលភ្លើងចេញ ហើយអង្គភាពអគ្គិសនីត្រូវដូរអំពូលដែលដាច់ ហើយនិងត្រូវត្រៀមកម្លាំងជួយដាក់បង្គោលអំពូលភ្លើង ដែលលោកបានទំនាក់ទំនងទិញជាច្រើនរយបង្គោលបន្ថែមទៀត ដើម្បីបំភ្លឺក្រុងកុំឲ្យងងឹត។ មន្ទីរទេសចរណ៍ត្រូវពិចារណាឡើងវិញនៅ បរិវេណជុំវិញផ្សារសាមគ្គីកំពត ត្រូវដាក់បង្គោលប៉ាណូ បង្ហាញអំពីតំបន់ទេចរណ៍ទាំង១៧ មិនមែនដាក់ប៉ាណូផ្សាយពាណិជ្ជាកម្មឲ្យក្រុមហ៊ុនដូចសព្វថ្ងៃនោះទេ ។ លោកអភិបាលខេត្តក៏បានបញ្ជាក់ឲ្យដឹងផងដែរថា លោកគ្រោងនឹងបង្កើតផ្សារផលិតផលផ្លែឈើខេត្តកំពតមួយ ក្នុងពេលឆាប់ៗ ដោយមិនឲ្យអាជីវករណាបន្លំផលិតផលកំពតបានទេ ព្រោះវាធ្វើឲ្យបាត់អត្តសញ្ញាណរបស់ខេត្ត ពិសេស ម្រេច និងធូរ៉េនកំពត ។ដូច្នេះមន្ត្រីថ្នាក់ដឹកនាំត្រូវទទួលខុសត្រូវតាមតួនាទីរៀងៗខ្លួន នឹងត្រូវជួយនាំប្រជាពលរដ្ឋឲ្យសម្អាតផ្ទះ លាបថ្នាំផ្ទះ អគារ និងស្ពានដែលចាស់ អាជីវករត្រូវលក់ដល់យប់ មានភ្លើងបំភ្លឺ មិនមែនល្ងាចបន្តិច បិទទ្វារ បិទភ្លើងងងឹតឈឹងនោះទេ ៕ ប្រាថ្នា


ចែករំលែក៖