ប្រធានក្រុមហ៊ុន Starbucks Korea ត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីយុទ្ធនាការផ្សព្វផ្សាយមួយបានបង្កឲ្យមានការខឹងសម្បារពីសាធារណជន និងការអំពាវនាវឲ្យធ្វើពហិការក្រុមហ៊ុន ដោយសារតែវាបានរំលឹកដល់អនុស្សាវរីយ៍ដ៏ឈឺចាប់នៃការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករគាំទ្រប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨០។
ក្រុមហ៊ុន Shinsegae Group ដែលទទួលសិទ្ធិគ្រប់គ្រងហាងកាហ្វេ Starbucks នៅកូរ៉េខាងត្បូង បានប្រកាសថា ខ្លួនបានបណ្តេញលោក Sohn Jeong-hyun ចេញពីតំណែង ពីបទអនុវត្ត “យុទ្ធនាការផ្សព្វផ្សាយមិនសមរម្យ”។
ការបណ្តេញលោក Sohn កើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី Starbucks កូរ៉េខាងត្បូង បានចាប់ផ្តើមយុទ្ធនាការ “Tank Day” កាលពីថ្ងៃចន្ទ ដើម្បីផ្សព្វផ្សាយផលិតផលកែវទឹក “Tank” របស់ខ្លួន ជាមួយពាក្យស្លោកថា “ដាក់លើតុជាមួយសំឡេង ‘Tak!’”។
ថ្ងៃចន្ទនោះក៏ជាទិវារំលឹកចលនាប្រជាធិបតេយ្យផងដែរ ដែលគេចងចាំការបះបោរ Gwangju ឆ្នាំ១៩៨០ ដឹកនាំដោយនិស្សិត ហើយយុទ្ធនាការនេះបានទទួលការរិះគន់យ៉ាងខ្លាំងនៅកូរ៉េខាងត្បូង។
មនុស្សរាប់រយនាក់ត្រូវបានគេជឿថា បានស្លាប់ ឬបាត់ខ្លួន នៅពេលរបបយោធារបស់ លោក Chun Doo-hwan បានបញ្ជូនទាហាន និងរថក្រោះទៅបង្ក្រាបបាតុកម្ម។ រហូតមកដល់សព្វថ្ងៃ ព័ត៌មានជាច្រើននៅមិនទាន់បញ្ជាក់ច្បាស់ រួមទាំងអ្នកដែលបញ្ជាឲ្យបាញ់ទៅលើបាតុករផងដែរ។ លោក Chun បានចុះចេញពីតំណែងនៅឆ្នាំ១៩៨៨ ក្រោមសម្ពាធទាមទារប្រជាធិបតេយ្យកាន់តែខ្លាំងឡើង។
អ្នករិះគន់ក៏បានចោទសួរអំពីការប្រើពាក្យ “tak” ផងដែរ ព្រោះវារំលឹកដល់ការពន្យល់របស់ប៉ូលិសកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៨៧ ជុំវិញការស្លាប់របស់និស្សិតបាតុករម្នាក់ ដែលក្រោយមកត្រូវបានរកឃើញថា ត្រូវបានធ្វើទារុណកម្ម។ នៅពេលនោះ ប៉ូលិសបានអះអាងថា និស្សិតរូបនោះស្លាប់ បន្ទាប់ពីអ្នកស៊ើបអង្កេតវាយតុឲ្យលាន់សំឡេង “tak”។
សារព័ត៌មាន Reuters មិនអាចទាក់ទងលោក Sohn ដើម្បីសុំការអត្ថាធិប្បាយបានទេ ខណៈ Starbucks Korea បានបដិសេធមិនឲ្យគាត់ផ្តល់មតិ ដោយបញ្ជាក់ថា គាត់បានចាកចេញពីក្រុមហ៊ុនរួចហើយ។ ក្រុមហ៊ុនក៏បានដកយុទ្ធនាការនេះចេញផងដែរ។
អតិថិជនទាមទារសងប្រាក់វិញ និងលុបសមាជិកភាព។
នៅលើបណ្តាញ X កាលពីថ្ងៃចន្ទ ប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បាននិយាយថា លោក “ខឹងសម្បារយ៉ាងខ្លាំង” ចំពោះយុទ្ធនាការរបស់ Starbucks និងទាមទារឲ្យក្រុមហ៊ុនសុំទោសគ្រួសារជនរងគ្រោះដែលស្លាប់ក្នុងការបះបោរ។
លោកបាននិយាយថា យុទ្ធនាការនេះ “បានបង្ខូចកិត្តិយសនៃការតវ៉ាដ៏បង្ហូរឈាមរបស់ប្រជាពលរដ្ឋ Gwangju និងជនរងគ្រោះ” ហើយហៅវាថា ជាទង្វើរបស់ “អ្នកជួញដូរអន់ថយសីលធម៌”។
Starbucks កូរ៉េខាងត្បូង បានបង្ហោះសេចក្តីថ្លែងការណ៍សុំទោសនៅលើគេហទំព័ររបស់ខ្លួន ខណៈប្រធានក្រុមហ៊ុន Shinsegae Group គឺ Chung Yong-jin ក៏បានចេញសេចក្តីសុំទោសជាសាធារណៈផងដែរ។
ទោះជាយ៉ាងណា សេចក្តីសុំទោសរបស់ Starbucks Korea បានទទួលមតិយោបល់ជាង 2,800 នៅលើបណ្តាញសង្គម ដែលភាគច្រើនជាការរិះគន់។ អ្នកប្រើអ៊ីនធឺណិតជាច្រើនក៏បានបង្ហោះរូបភាពនៃការដកប្រាក់ពីកាត Starbucks និងលុបសមាជិកភាពក្នុងកម្មវិធីរបស់ក្រុមហ៊ុន។
មួយចំនួនទៀតក៏បានបង្ហោះវីដេអូបំផ្លាញកែវ tumbler កែវ mug និងផលិតផលផ្សេងៗរបស់ Starbucks ផងដែរ។
ភាគហ៊ុនរបស់ក្រុមហ៊ុនលក់រាយ E-Mart ដែលកាន់កាប់ភាគហ៊ុន 67.5% ក្នុង Starbucks Korea ឬ SCK Company បានធ្លាក់ចុះ 5.5% នៅពេលបិទទីផ្សារហ៊ុនទីក្រុងសេអ៊ូល។
ខាង Starbucks Global ក៏បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ ដោយនិយាយថា ខ្លួនសោកស្តាយចំពោះអ្វីដែលបានកើតឡើង ហើយការស៊ើបអង្កេតមួយកំពុងដំណើរការ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច