ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រី៦នាក់សង្ស័យរកស៊ីផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ត្រូវបានឃាត់ខ្លួនសួរនាំនៅនាយកដ្ឋានជួញដូរ

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់ស្ត្រី៦នាក់ ត្រូវបានកម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ ឃាត់ខ្លួននាំទៅសួរនាំ ដែលក្រុមស្ត្រីទាំងនេះត្រូវបានសមត្ថកិច្ចសង្ស័យរកស៊ីផ្លូវភេទជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ក្រោយពីរកឃើញមានស្រោមអនាម័យជាច្រើនប្រអប់។

ការចុះឆែកឆែរ និងឃាត់ខ្លួនស្ត្រីរងគ្រោះខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវ៣៧១ ភូមិទំនប់ទឹក សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ថា ហាងម៉ាស្សាកោសជប់មានស្ត្រី៦នាក់ និងមេការម្នាក់ត្រូវបានឃាត់ខ្លួននាំទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ ដើម្បីសួរនាំក្រោយពីសមត្ថកិច្ចយើងបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ និងបានរកឃើញប្រើប្រាស់ហើយថ្មីផងដែរ។ ក្នុងការចុះឆែកឆេរហាងខាងលើនេះ គឺបានសហការជាមួយនិងអង្គការNGO ដឹកនាំដោយលោកអនុប្រធាននាយកដ្ឋាន២រូប និងមានការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញារង។

ក្រោយពីនាំយកស្រ្តី៦នាក់ ទៅកាន់នាយកដ្ឋាន សមត្ថកិច្ចបានឲ្យដឹងថា ទីតាំងខាងលើសម្រេចផ្អាក់អាជីវកម្ម និងឃ្លុបបេជាបណ្តោះអាសន្ន៕ តាឡឹម


ចែករំលែក៖