ខេត្តស្ទឹងត្រែង៖ ប្រភពព័ត៌មានបានឲ្យដឹងថា មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ក្បាលរមាសម្នាក់ បានបាត់បង់ជីវិតភ្លាមៗ នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តម៉ាកហ៊ីយ៉ាន់ដាយ របស់អង្គការ ONG បុកម៉ូតូរបស់ជនរងគ្រោះពីក្រោះ ជិះស្របទិសគ្នាកាលពីព្រឹកវេលាម៉ោង១០និង៣៥នាទី ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំនុចចន្លោះបង្គោលគីឡូលេខ៤៧៥-៤៧៦ ក្នុងភូមិច្រប់ ឃុំច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាសឲ្យដឹងថា ជនរងគ្រោះឈ្មោះយ៉ាវ វុឌ្ឍី (ស្លាប់) ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ មេព្រៃ មានស្រុកកំណើតនៅភូមិកោះជួរ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។
មន្ត្រីបុស្តិ៍បន្តថា រថយន្ត និងម៉ូតូបានបើកបរស្របទិសគ្នាពីលិចទៅកើត រួចក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយរបស់អង្គការពណ៌ស ពាក់ស្លាកលេខ ONG ៧៧២-០១១ បានបើកបរក្នុងល្បឿនលឿន ទៅបុកម៉ូតូសង់ឌ្រីមសេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ទឹងត្រែង១អា៦៨៣១ ជារបស់មន្ត្រីជំនាញរដ្ឋបាលព្រៃ ដែលកំពុងធ្វើដំណើរលើដងផ្លូវជាតិលេខ៧៨ បណ្តាលឲ្យស្លាប់ភ្លាមៗ។
មន្ត្រីដដែលឲ្យដឹងទៀតថា អ្នកបើកររថយន្តត្រូវគេស្គាល់ឈ្មោះ ម៉ុក សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។
ម៉ូតូ និងរថយន្តត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកទៅរក្សាទុក ចំណែកឯសពមន្ត្រីរដ្ឋបាលព្រៃឈើត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕