ខេត្តក្រចេះ៖ រថយន្ដសាំងយ៉ុង៣គ្រឿង គោយន្ដកន្ត្រៃ៤គ្រឿង និងរ៉ឺម៉ក់ម៉ូតូចំនួន២គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ខេត្តក្រចេះ បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្តែង កាលពីថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៧ ក្នុងភូមិស្នួល ឃុំស្នួល ស្រុកស្នូល ខេត្តក្រចេះ ។
ក្នុងប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ចសហការគ្នាជាមួយ សង្កាត់រដ្ឋបាលព្រៃស្នួល ផ្នែករដ្ឋបាលព្រៃឈើស្រុកឆ្លូងនិងស្រុកស្នួល រួមនិងកម្លាំងកងអាវុធហត្ថស្រុកស្នួល ជាលិទ្ធផលឃាត់រថយន្ដសាំងយ៉ុង ដឹកឈើប្រភេទឈ្លីចចំនួន៣គ្រឿង, គោយន្ដកន្ត្រៃដឹកឈើឈ្លីចចំនួន៤គ្រឿង និងរ៊ឺម៉កម៉ូតូចំនួន២គ្រឿង ។
ក្រោយធ្វើការឃាត់នោះ ចំពោះរ៉ឺម៉ក់ម៉ូតូ និងគោយន្ដកន្ត្រៃ ត្រូវបានសមត្ថកិច្ចឲ្យទម្លាក់ឈើ និងធ្វើកិច្ចសន្យា បញ្ឈប់ឲ្យមានការដឹកជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត្ត ហើយប្រគល់ឲ្យប្រជាពលរដ្ឋជាម្ចាស់ត្រលប់ទៅផ្ទះវិញ ។
ដោយឡែកសម្រាបរថយន្ដសាំងយ៉ុងទាំង៣គ្រឿង បច្ចុប្បន្នត្រូវជំនាញរដ្ឋបាលព្រៃឈើ យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្នួល ដើម្បីវាស់វែង តាមច្បាប់របស់រដ្ឋបាលព្រៃឈើផងដែរ ៕ ស តារា