ភ្នំពេញ៖ អតីតប្រុសស្អាត Freshie Boy ឆ្នាំ២០១១ អ៊ុក សុភឬទ្ធនឹងចូលរោងការជាមួយនារីស្រស់សោភា មកពីខេត្តសៀមរាបម្នាក់នៅចុងសប្តាហ៍នេះហើយ បន្ទាប់ពីឈ្វេងយល់ចិត្តគ្នាជាច្រើនឆ្នាំមកហើយ ។
លោក អ៊ុក សុភឬទ្ធ បានបញ្ជាក់ថា លោកនឹងរៀបមង្គលការនៅថ្ងៃទី១០ ខែកុម្ភៈនេះ ដោយរៀបចំទទួលភ្ញៀវនៅវិមានពិភពថ្មីសែនសុខ។ លោកបញ្ជាក់ថា អនាគតភរិយាលោក ឈ្មោះ ហូវ ស៊ីចាន់ ជាបុគ្គលិកក្រុមហ៊ុន Cellcard មិនមែនជាអ្នកសិល្បៈនោះទេ។ លោកថា ពួកលោកបានស្គាល់គ្នា និងឈ្វេងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំ មុនពេលសម្រេចចិត្តចូលរោងការនេះ ។ ក្នុងកម្មវីធីមង្គលការនេះដែរ លោកក៏បានអញ្ជើញអ្នកសិល្បៈជិតដិតជាច្រើនចូលរួមផងដែរ ។
តារាសម្តែងវ័យ២៥ឆ្នាំរូបនេះ បញ្ជាក់ថា ក្រោយរៀបការរួចលោកនៅតែបន្តការងារសីល្បៈដដែល គឺមិនបោះបង់ការងារសិល្បៈចោលនោះទេ។ លោកថានៅតែបន្តការងារសិល្បៈដដែល ប៉ុន្តែលោកក៏កំពុងសំឡឹងរកមើលអាជីពបន្ថែមពីសិល្បៈដែរ ដើម្បីទ្រទ្រង់ និងផ្គត់ផ្គង់ជីវភាពគ្រួសារ។
គួរបញ្ជាក់ដែរថា អ៊ុក សុភឬទ្ធ ត្រូវបានគេស្គាល់ច្រើនតាមរយៈស្នាដៃសម្តែងភាពយន្តមានដូចជា រឿង «សង្សារខ្ញុំអាប» រឿង «វិញ្ញាណលោកម្ចាស់ក្រញូង» រឿង «ក្រមុំ៣១កំលោះ៥២» រឿង «ចាំតែខ្លាចតើ!» រឿង «កំណត់ហេតុនាងនាថ» រឿង «បណ្តឹងស្រីទាំង៥»ជាដើម ៕ វឌ្ឍនា