ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ គ្រឿងញៀនអុកឡុកក្រុងព្រះសីហនុ សមត្ថកិច្ចជំនាញផ្អែមមាត់

ចែករំលែក៖

ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ​កំពុងរស់នៅក្នុងភាពភ័យខ្លាចដោយសារ​ការរីករាលដាល​គ្រឿងញៀន។ រីឯការ​បង្ក្រាបមិន​មានទ្រង់ទ្រាយធំអ្វីនោះឡើយ ផ្ទុយទៅវិញ គេឃើញអ្នកប្រើប្រាស់គ្រឿងញៀនមានការកើនឡើងគួរឲ្យកត់សម្គាល់។ ប្រជាពលរដ្ឋមានមន្ទិលថា សមត្ថកិច្ចខាងបង្ក្រាបគ្រឿងញៀនហាក់មានការរើសអើងចំពោះការបង្ក្រាប ពោលគឺអ្នកជួញដូរគ្រឿងញៀនធំៗមិនត្រូវបានបង្ក្រាបនោះឡើយ។

គេរាយការណ៍ថា លោកឧត្តមសេនីយ៍ត្រី ស៊ុន សុផាត ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកកិច្ចការិយាល័យកិច្ចការ និងបង្ក្រាបគ្រឿងញៀន ហាក់មិន​ប្រឹងឲ្យអស់លទ្ធភាពក្នុងការបង្ក្រាបនោះឡើយ ផ្ទុយទៅវិញ ឈ្មួញជួញដូរគ្រឿងញៀនធំៗ មិនត្រូវបានបង្ក្រាបនោះទេ។ ប្រជាពលរដ្ឋមើលឃើញថា សមត្ថកិច្ច​របស់លោក ស៊ុន សុផាត ចាប់តែអ្នកជួញដូរគ្រឿងញៀន២ទៅ៣គ្រាប់ និងអ្នកប្រើប្រាស់គ្រឿងញៀន ដែលជាជនរងគ្រោះទៅវិញ។ គេមិនដែលឃើញសមត្ថកិច្ចរបស់លោក ស៊ុន សុផាត បង្ក្រាបឈ្មួញជួញដូរគ្រឿងញៀនធំៗនោះឡើយ ។ ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋមានមន្ទិលចំពោះកិច្ចការងារជំនាញមួយនេះ ។

នេះគ្រាន់តែជាចម្ងល់ និងជាការលើកឡើងតៗគ្នារបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ពីព្រោះថា សព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលគ្រប់ទីកន្លែង រហូតដល់ទីជនបទនៅក្នុងខេត្តនេះ ។ នៅកណ្តាលក្រុង ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនកំពុងរាតត្បាតយ៉ាងសាហាវ​។ ប្រជាពលរដ្ឋនិយាយថា ចង់កាត់ឫសគល់បញ្ហាគ្រឿងញៀន ទាល់តែបង្ក្រាបមេធំៗឲ្យអស់ បើមិនដូច្នោះទេ គ្រឿងញៀននៅតែបន្តរីករាលដាល កាន់តែខ្លាំងឡើងថែមទៀត។ គេរំពឹងថា ស្នងការនគរបាលខេត្តព្រះសីហនុ នឹងពង្រឹងយន្តការ​នៃការបង្ក្រាបគ្រឿងញៀននេះឡើងវិញ ពោលគឺត្រូវចាប់ឈ្មួញធំៗ ដើម្បីកាត់ផ្តាច់ឫសគល់គ្រឿងញៀន៕

 


ចែករំលែក៖