ខេត្តបាត់ដំបង៖ ក្រុមប្រជានេសាទនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលមានភូមិសាស្រ្តជាប់បឹងទន្លេសាបបានចោទប្រកាន់សមត្ថកិច្ច និងមន្រ្តីជំនាញជលផលថា ការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ឃុំកោះជីវាំងនោះ ធ្វើឡើងគ្មានតម្លាភាព គឺមានបទល្មើសនេសាទខុសច្បាប់មួយចំនួនមិនត្រូវបានបង្រ្កាបនោះឡើយដោយគេសង្ស័យជាកន្លែងផលប្រយោជន៍របស់សមត្ថកិច្ច ចំណែកបទល្មើសនេសាទគ្មានផលប្រយោជន៍របស់សមត្ថកិច្ចគឺសមត្ថកិច្ចនាំគ្នាបង្រ្កាបតែម្តង ។
ការចោទប្រកាន់សមត្ថកិច្ចពីសំណាក់ក្រុមប្រជានេសាទនៅក្នុងឃុំកោះជីវាំង ក្រោយគេឃើញកម្លាំងសមត្ថកិច្ចមួយក្រុម កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍នេសាទលេខ២ និងអតីតឡូត៍នេសាទលេខ៣ ក្នុងភូមិសាស្រស្រុកឯក ភ្នំ ខេត្តបាត់ដំបង ហើយសមត្ថកិច្ច និងមានគម្រោងថា និងចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ថែមទៀត ។
ការចោទប្រកាន់ខាងលើពីក្រុមប្រជានេសាទ ត្រូវបាននាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានបំភ្លឺអ្នកយកព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ថា កម្លាំងសមត្ថកិច្ច និងមន្រ្តីជំនាញអនុវត្តការបង្រ្កាបបទល្មើសទូទៅ មិនរើសអើងនោះឡើយ ។ សមត្ថកិច្ចចុះទៅដល់កន្លែងណាឃើញថា មានបទល្មើសខុសច្បាប់ និងត្រូវបង្រ្កាបតែម្តង ។
លោកប្រាប់ឲ្យដឹងទៀតថា ក្រុមប្រជានេសាទដែលចោទប្រកាន់សមត្ថកិច្ចការបង្រ្កាបគ្មានតម្លាភាពគឺជាក្រុមខិលខូច ។ ពីព្រោះសមត្ថកិច្ចបានបើកដៃរាយការណ៍ឲ្យសមត្ថកិច្ចផ្ទាល់ បើឃើញកន្លែងណាមានបទល្មើសនេសាទខុសច្បាប់ ។ មិនតែប៉ុណ្ណោះបើពួកគាត់មិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ចផ្ទាល់ខ្លាចពីសុវត្ថិភាពគឺរាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋានប្តឹងរាយការណ៍មកសមត្ថកិច្ចដើម្បីចុះបង្រ្កាប ។
លោកបញ្ជាក់ឲ្យដឹងទៀតថា ឥឡូវនេះខាងអធិការខណ្ឌជលផលរបស់ក្រសួងកសិកម្មគ្រោង នឹងចុះទៅបង្រ្កាបបទល្មើសនេសាទខុសច្បាប់ផ្ទាល់ថែមទៀត កុំឲ្យមានការសង្ស័យថា ខ្លាចក្រែងមន្រ្តីជលផលថ្នាក់ខេត្ត ចុះបង្រ្កាបនិយមបក្ខពួក ។
ជុំវិញបញ្ហានេះ ប្រជានេសាទប្រាប់ឲ្យដឹងថា ពួកគាត់មិនហ៊ានរាយការណ៍ទៅសមត្ថកិច្ចរឺមន្រ្តីជំនាញជលផលនោះឡើយ អំពីបទល្មើសនេសាទខុសច្បាប់នោះ ពីព្រោះកាលណាហ៊ានរាយការណ៍ និងមានការគំរាមកំហែងដោយភ័យខ្លាចពីសុវត្ថិភាព ។ ជាពិសេសនៅពេលរាយការណ៍ប៉ះពាល់ផលប្រយោជន៍របស់សមត្ថកិច្ចគឺសមត្ថកិច្ច និងគុំគួនពួកគាត់ បើពួកគាត់ទៅធ្វើសកម្មភាពប្រព្រឹត្តបទល្មើសនេសាទគឺជាមុខសញ្ញាដែលគេត្រូវបង្រ្កាបតែម្តង ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានប្រាប់ឲ្យដឹងទៀតថា បទល្មើសនេសាទខុសច្បាប់បានរងការបង្រ្កាបជាបន្តបន្ទាប់ស្ទើរអស់ទៅហើយតាមដងព្រែក នៅក្នុងតំបន់ព្រៃនានា ប៉ុន្តែនៅសេសសល់មួយចំនួនកើតមាននៅក្នុងទន្លេសាប ។
សូមរំលឹកថា សមត្ថកិច្ចមួយក្រុម កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍នេសាទលេខ២ និងអតីតឡូត៍នេសាទលេខ៣ ក្នុងភូមិសាស្រស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដកហូត និងដុតំទេចចោលនូវឧបករណ៍នេសាទខុសច្បាប់ដូចជាៈសាច់ម៉ងប្រវែង២.២៥០០ម៉ែត្រ ,បង្គោល ឈើ៣៤០០ដើម,ក្បាលឡកចាប់ត្រី៣៩ឡក, និងដោះលែងត្រីទៅវិញចំនួនជាង១តោន ៕ សំ វិច្ឆិកា