ព័ត៌មានទាន់ហេតុការណ៍៖

ឡានមួយគ្រឿងបើកថយក្រោយម៉ូតូមកដល់បុកស្លាប់ម្នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្តមួយគ្រឿងបើកថយក្រោយចេញពីហាងផឹកស៊ីមិនបានមើលឆ្វេងស្តាំ ពេលនោះ មានបុគ្គលិកហាងមាន់ដុតកូនហ្គោលម្នាក់ជិះម៉ូតូទៅធ្វើការទាំងយប់បុកពីក្រោយពេញទំហឹងស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពី វេលាម៉ោង២០និង១០នាទីថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ០៦ ទល់មុខ ហាងមាន់បំពង ក្នុងភូមិសណ្តាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

កម្លាំងនគរបាលចរាចរណ៍បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ញ៉ែម នី ស៊ិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកហាងមាន់ដុត កូនហ្គោល ដែលមានទីលំនៅបច្ចុប្បន្ន ភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវជាកូន របស់អធិការរងស្រុកប្រាសាទបាគង បានជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ឆ្មាំ២០១៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១.H.៧១៣៤ ពីទិសខាងកើតមកលិច (ចេញពីផ្ទះ មកធ្វើការ ទាំងយប់)។ ចំណែករថយន្ត បង្ក ម៉ាក TOYOTA ពណ៌ស ពាក់ស្លាករាជការ ១៣ ៥១ ត្រូវបានគេចខ្លួនបាត់ បន្សល់ទុករថយន្តនៅហ្នឹងកន្លែងកើតហេតុ។

សមត្ថកិច្ចអះអាងថា ករណីគ្រោះថ្នាក់នេះកើតឡើងដោយមូលហេតុ៖ បណ្តាលមកពី រថយន្តបើក ថយ ក្រោយ មិនមើល ឈ្វេង ស្ដាំ) ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង រួចអូសយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ មករក្សាទុកនៅស្នងការខេត្ត ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្ត ។ ចំណែកសាកសពជនរងគ្រោះត្រូវបានកម្លាំងជំនាញរៀបចំប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

 


ចែករំលែក៖