ព័ត៌មានទាន់ហេតុការណ៍៖

ទ្រាំសម្ងំស្ងៀមរហូតដល់គេចាប់រំលោភសម្រេចបាន២ដង ទើបដាច់ចិត្តប្រាប់ប្តី និងប្តឹងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនលោ្មភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភបងថ្លៃបានសម្រេចម្តងរួចមកហើយ ដោយជនរងគ្រោះមិនហ៊ានប្តឹង ព្រោះជនសង្ស័យគម្រាមសម្លាប់លុះពេលចាប់រំលោភនាងជាលើកទី២បានសម្រេច ហើយត្រូវស្រ្តីរងគ្រោះប្រាប់ប្តីពីហេតុការណ៍ដែលប្អូនថ្លៃជីដូនមួយ(ខាងប្តី)ចាប់រំលោភនាងចំនួន២លើក ក៏ប្តីជនរងគ្រោះទៅចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ករណីឃាត់ខ្លួនជនសង្ស័យពីបទ រំលោភសេពសន្ថវៈខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៩ព្រឹកនៅចំណុចបន្ទប់ជួល ផ្លូវ បេតុង ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

ដោយជនរងគ្រោះឈ្មោះ ស.ឌ.អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះសួស ប្រុស ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៩ ជនរងគ្រោះ និងក្មួយប្រុសអាយុ៦ឆ្នាំ កំពុងនៅក្នុងបន្ទប់ជួល (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យត្រូវប្អូនថ្លៃជីដូនមួយបានមកលេង ដោយពុំឃើញប្តីជនរងគ្រោះនៅផ្ទះដោយឃើញឱកាសល្អ ជនសង្ស័យក៏នាំក្មួយប្រុសទៅផ្ទះវិញ ។ បន្ទាប់មកជនសង្ស័យក៏ត្រឡប់មកបន្ទប់ជួលរបស់ជនរងគ្រោះវិញម្តងទៀត រួចចាប់ខ្ទប់មាត់ជនរងគ្រោះគម្រាមថា បើហ៊ានស្រែក ប្រយ័ត្នមានរឿង រួចក៏ចាប់រំលោភជនរងគ្រោះបានសម្រេចតែម្តង ហើយជនសង្ស័យក៏ទៅកន្លែងធ្វើការវិញ។ លុះដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៥ល្ងាច ជនរងគ្រោះបានប្រាប់ប្តីពីរឿងហេតុខាងលើទាំងអស់ រួចក៏នាំគ្នាឃាត់ខ្លួនជនសង្ស័យនៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ក្បាលកោះ ចាត់ការតាមច្បាប់ ។

គួរបញ្ជាក់ផងដែរថា កន្លងមកកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ជនសង្ស័យធ្លាប់បានចាប់រំលោភជនរងគ្រោះបានសម្រេចម្តងនៅចំណុចកើតហេតុខាងលើ តែជនរងគ្រោះមិនហ៊ានប្រាប់ប្តី និងប្តឹងសមត្ថកិច្ច ព្រោះជនសង្ស័យបានគម្រាមជនរងគ្រោះថា បើហ៊ានប្តឹងសមត្ថកិច្ចគេនឹងសម្លាប់ចោល ។

ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ សួស ប្រុស ធ្លាប់ប្រើប្រាស់គ្រឿងញៀន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ សណ្ដោស


ចែករំលែក៖