ព័ត៌មានទាន់ហេតុការណ៍៖

ងោកមួយភាំងបុរសម្នាក់បើករថយន្តរេចង្កូតឡើងទ្រូងផ្លូវបុកដើមឈើទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តដឹកមាន់រេចង្កូតឡើងទ្រូងផ្លូវទៅបុកដើមឈើបាក់មែក និងមួយដើមទៀតប៉ើងឬសម្ខាង ខណ:រថយន្តរងការខូចខាតកំណាត់មុខយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨

ស្ថិតតាមបណ្តោយផ្លូវឈ្នះៗ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ បើកបរ និងរួមដំណើរដោយបុរស៤នាក់ រួមទាំងតៃកុងក្នុងនោះរបួសស្រាលម្នាក់ ព្រមទាំងមានដឹកមាន់មួយចំនួន នៅក្នុងរថយន្តផងដែរ តែត្រូវបានផ្ទេរចេញរួចហើយ រីឯអ្នកបើករថយន្តគេចខ្លួនបាត់។

ប្រភពពត៌មានពីអ្នករួមដំណើរម្នាក់ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានដឹកមាន់ចេញពីម្តុំចំការព្រីង ក្នុងខណ្ឌសែនសុខឆ្ពោះ ទៅកាន់ព្រែកអញ្ចាញ ក្នុងខេត្តកណ្តាល ដើម្បីដឹកមាន់ឲ្យអតិថិជននៅទីនោះ ដោយធ្វើដំណើរតាមផ្លូវស្ថិតតាមបណ្តោយផ្លូវឈ្នះៗ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តទំនងជាងោកមួយភាំង បណ្ដាលឲ្យរថយន្តរេចង្កូតមកឆ្វេងដៃឡើងទ្រូងផ្លូវ បុកដើមឈើបាក់ និងរលើងឬ ចំណែករថយន្តខូចខាតផ្នែកមុខ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕ ជ្រោយពេជ្រ


ចែករំលែក៖