ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកឡានបុកជញ្ចាំងផ្ទះពលរដ្ឋនៅស្ទឹងមានជ័យខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនទាំងស្រវឹងទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋនៅជាប់គល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រួមទាំងបែកទុយយោទឹកហូរពេញផ្លូវ ដោយបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសោរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AL-0092 ដែលបើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹងស្រាឡើងជោកជាំ និងបានធ្វើដំណើតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតទៅបុកជញ្ចាំងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យបាក់រៀបដល់ដីអស់មួយផ្ទាំង និងធ្វើឲ្យបែបទយោទឹក ហូរទឹកពេញផ្លូវតែម្ដង ។ ចំណែករថនយន្តបង្កវិញបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អដែរ ដែលមិនបណ្ដាលឲ្យមានអ្នករងរបួស ។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ តែមិនឃាត់អ្នកបើករថយន្តបង្កនោះទេ ដោយបណ្ដោយឲ្យអ្នកបង្កដើរគេចខ្លួនបាត់ស្រមោល ។ រួចក៏ទំនាក់ទំនងសមត្ថកិច្ចដែលទទួលផ្នែកជំនាញចរាចរណ៍ចុះមកវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖