ខេត្តតាកែវ ៖ ដោយអនុវត្តន៍តាមប្រសាសន៍ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដោយប្រាប់ដល់មន្ត្រីមានសមត្ថកិច្ចចាត់វិធានការចំពោះរថយន្តកាត់តកែច្នៃ ដែលបើកនៅលើដងផ្លូវ ក៏ដូចជាការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការអនុវត្តន៍បទបញ្ជាដ៏ខ្ពង់ខ្ពស់នេះ ។
នៅយប់ថ្ងៃសុក្រ០៩ រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ស្នងការនគរបាលខេត្តតាកែវ បានរៀបចំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោគឱ្យចុះសហការជាមួយក្រុមការងារចំម្រុះចុះត្រួតពិនិត្យទៅលយានយន្តកាត់តខុសបច្ចេកទេស ដឹកលើសទម្ងន់ ដែលបើកបរនៅលើផ្លូវជាតិលេខ២និង៣ក្នុងភូមិសាស្ត្រខេត្តតាកែវ ដែលនាំដោយលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ដោយផ្ទាល់ដើម្បីធ្វើការចេញល្បាតត្រួតពិនីត្យមើលជាក់ស្តែងដោយផ្ទាល់តាមដងផ្លូវជាតិលេខ២និង៣នូវគោលដៅត្រួតពិនិត្យនីមួយៗ ផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទថា ចាប់ពី ០ ម៉ោងយប់នេះ ថ្ងៃទី ៩ ខែ កុម្ភះ ឆ្នាំ ២០១៨ ចំពោះរថយន្តត (កាត់តកែឆ្នៃ) ទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្ត្រី ទាំងចៅហ្វាយខេត្ត ទាំងចៅ ហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។ ព្រោះឡានកែឆ្នៃកាត់តទាំងនេះ គឺអាចបង្កការខូចខាតផ្លូវថ្នល់ និងបង្កការគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕ ភ្នំដា