ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ក្មួយប្រុសលោក អះម៉ាត់ យ៉ះយ៉ាពាក់ព័ន្ធនាំពលករទៅធ្វើការខុសច្បាប់នៅអារ៉ាប៊ីសាអ៊ូឌីត

ចែករំលែក៖

ភ្នំពេញ៖ លោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទាប្រឈមនឹងការ ចាប់ខ្លួនផងដែរបន្ទាប់ពីក្មួយប្រុសបង្កើត ត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនចាប់ខ្លួនពាក់ព័ន្ធករណីនាំពលករទៅធ្វើការខុសច្បាប់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តនីតិវិធី ។

បើតាមមន្ដ្រីនគរបាលប្រឆាំងការជួញដូរមនុស្សបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អុីស្មាអែល ពិនឧស្ម័ន អាយុ៤៤ឆ្នាំ ជន ជាតិខ្មែរ-អ៊ិស្លាម មុខរបរធ្វើស្លាកលេខ រថយន្ត មានស្រុកកំណើតនៅភូមិត្រពាំង ឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៣៦H ផ្លូវលំ ក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងជា ក្មួយប្រុសបង្កើតរបស់លោក អះម៉ាត់ យ៉ះយ៉ា ។

ប្រភពដដែលបានបន្តថា កាលពីឆ្នាំ ២០០៤ ជនសង្ស័យខាងលើបានដើរ ឃោសនាក្នុងភូមិថា ឈ្មោះ អះម៉ាត់ យ៉ះយ៉ា ត្រូវជាពូរបស់ខ្លួនត្រូវការជ្រើសរើសពលការិនីបញ្ជូនទៅធ្វើការជាជំនួយការមេផ្ទះ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដែលត្រូវបង់ប្រាក់ឈ្នួល២២០ដុល្លារដោយមានកិច្ច សន្យាការងាររយៈពេល២ឆ្នាំ។ ចំពោះឯក សារបែបបទ លិខិតឆ្លងដែន និងសោហ៊ុយ ធ្វើដំណើរឈ្មោះ អះម៉ាត់ យ៉ះយ៉ា ជាអ្នក ចំណាយទាំងអស់ ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីបានអូសទាញពលរដ្ឋក្នុងភូមិ២នាក់ក្រោយក៏បាន អូសទាញពលរដ្ឋ២០នាក់បន្តបន្ទាប់ទៀត ហើយនាំទៅប្រគល់ឲ្យលោក អះម៉ាត់ យ៉ះយ៉ា ដោយឲ្យស្នាក់នៅផ្ទះលេខ៣៤ ផ្លូវ លេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។ ពេលនោះជនរងគ្រោះត្រូវបានលោក អះម៉ាត់ យ៉ះយ៉ា ក្លែងអត្តសញ្ញាណ ដោយ ប្រើឯកសារ ហើយបានបញ្ជូនទៅធ្វើជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត។

មន្ត្រីនគរបាលបានឲ្យដឹងថា នៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតជនរងគ្រោះត្រូវបានថៅកែកេងប្រវ័ញ្ចកម្លាំងពលកម្មបិទសិទ្ធិសេរីភាព ហើយត្រូវបានគេលក់ទៅថៅកែជាម្ចាស់ ទី១ ទៅថៅកែទី២ ក្នុងតម្លៃ២ពាន់ល្លារឲ្យធ្វើការងារផ្ទះហើយរងការរំលោភផ្លូវភេទ និងមិនទទួលបានប្រាក់ឈ្នួលតាំងពីពេលបញ្ជូនទៅរហូតដល់អំឡុងខែសីហា ឆ្នាំ ២០១៧កន្លងទៅ ។

ប្រភពដដែលបានបន្ថែមថា ជនរងគ្រោះ ទាំងអស់ទើបតែសង្គ្រោះបាន២នាក់ប៉ុណ្ណោះ ដោយមានកិច្ចអន្តរាគមន៍ពីលោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការក្រសួងការងារសហការជាមួយក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិបានវិលមកកម្ពុជា វិញហើយ ។

ជនសង្ស័យឈ្មោះ អុីស្មាអែល ពិន ឧស្ម័ន និងវត្ថុតាងកំពុងស្ថិតក្នុងចំណាត់ការ របស់សាលាដំបូងរាជធានីភ្នំពេញ។ រីឯ ជនសង្ស័យឈ្មោះ អះម៉ាត់ យ៉ះយ៉ា និងបក្ខ ពួកសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ហេង នរិន្ទ្រ


ចែករំលែក៖