ខេត្តព្រះសីហនុ៖ ប្រភព ព័ត៌មានពីមន្ត្រី នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ៖ នៅវេលាម៉ោង ២២និង២០នាទី ថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ ជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបនារីជនជាតិចិនម្នាក់ ដែលកំពុងដើរតាមផ្លូវ នៅមុខសណ្ឋាគារវិមានខ្សាច់ស ម្តុំអូរឈើទាល សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មិនបានសំរេច ប៉ុន្តែបណ្តាលឲ្យជនរងគ្រោះដួលត្រឡប់ត្រឡិន រងរបួស រលាត់ស្មា ដៃនិង ពកក្បាល ។
លោកឧត្តមសេនីយ៍ត្រីកុល ផាលីស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា៖ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត និង នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤សង្កាត់លេខ២ បានសហការគ្នា ប្រកាសតាមវិទ្យុទាក់ទង ស្ទាក់ដេញប្រផាប់ប្រភីង ស្ទាក់ចាប់បានជនសង្ស័យ២នាក់ នៅចំណុចផ្លូវកោង កែងតុលាការចាស់ សង្កាត់លេខ៤ ចាប់បានជនសង្ស័យ ឈ្មោះ នួន ករណាវិសុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន(សិស្ស) មានទីលំនៅ សង្កាត់ក្បាលកោះ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងឈ្មោះ ឃុន ធីចាន់ដារិទ្ធ ហៅ ចាន់ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន(សិស្ស) មានទីលំនៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1GT-9845 ជាមធ្យោបាយធ្វើសកម្មភាព។
ជនរងគ្រោះឈ្មោះ REN FANG ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិចិន ជាភ្ញៀវទេសចរណ៍ ស្នាក់នៅសណ្ឋាគារ THE PALM PALACE RESORT ក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ពុំមានការបាត់បង់សម្ភារៈអ្វីឡើយ តែមានរបួសបន្តិចបន្តួច ដូចបានរៀបរាប់ខាងលេី។
មុខសញ្ញាទាំងពីរកំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូង ៕ ឆ្លាម សមុទ្រ