ភ្នំពេញ ៖ មនុស្សប្រុសស្រី៤នាក់ បានដេកដួលលើថ្នល់សន្លប់ស្តូកស្ដឹង ខណៈដែលបុរសម្នាក់បើកបរម៉ូតូខ្វៈការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ទៅបុករះម៉ូតូនិងរថយន្ត បណ្តាលឲ្យមនុស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ស្រាលតែម្តង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងនិងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1G-0835 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះជិះមកដល់ចំណុចកើតហេតុ ជា ចំណុចផ្លូវបំបែក ដោយគ្រប់គ្រងល្បឿនម៉ូតូខ្លួនឯងមិនបាន ក៏បុករះ រថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6079 បើកបរដោយស្ត្រីម្នាក់ និងម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរី០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CE-8815 ពេលកំពុងឆ្លងផ្លូវ បណ្តាលឲ្យបើកបរ ម៉ូតូបង្ក រងរបួសធ្ងន់រហូតសន្លប់ស្តូកស្តឹង និងភាគីម៉ូតូរងគ្រោះ បណ្ដាលឲ្យនារីម្នាក់រួមដំណើរពីក្រោយរងរបួសបាក់ជើងខាងស្តាំ និងអ្នកម្នាក់ទៀតរបួសស្រាល ។ ភ្លាមនោះដែលជនរងគ្រោះនិងជនបង្កហេតុទាំង៤នាក់ ត្រូវបានរថយន្តសង្គ្រោះ ដឹកយកទៅសង្គ្រោះ នៅឯគ្លីនិកសម្ភពរស្មីផងដែរ ។
ក្រោយកើតហេតុម៉ូតូទាំង២គ្រឿង រួមទាំងរថយន្តត្រូវបានសមត្ថកិច្ច ជំនាញចុះធ្វើការ វាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ សុខាសែនជ័យ