ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅរកកន្លែងផឹកស៊ីមិនទាន់ដល់ផងត្រូវហ្វូងចោរវាយប្លន់យកម៉ូតូទៅបាត់

ចែករំលែក៖

​ភ្នំពេញ ៖ បុរស៣នាក់បន្ទាប់ពីបានលុយតៃអៀរចូលឆ្នាំចិនពីថៅកែរោងចក្ររួចមក បានបបួលគ្នាទៅ​ផឹកស៊ី​ ប៉ុន្តែមិនទាន់ទៅដល់​កន្លែង​​ផងក៏ត្រូវ​ក្រុម​ចោរ​មួយក្រុមស្ទាក់វាយ​ប្លន់​យក​ម៉ូតូ​បាន​ដោយ​សុវត្ថិភាព ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ ឈាន​ចូល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ផ្លូវ​បេតុង ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ ពៅ តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រផលិតទុយោ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​ប្រហែក ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ ចំណែកម៉ូតូដែលក្រុមចោរវាយ​ប្លន់យកទៅបាត់ ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-7407 ។

តាម​ប្រភព​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ បន្ទាប់ពីរូបគេបាន​លុយ​តៃ​អៀពីថៅកែរោងចក្រហើយ ក៏បាន​បបួល​មិត្តភក្តិ​២​នាក់​ទៀត​ទៅ​ផឹកស៊ី​នៅ​កន្លែង​ដែល​ធ្លាប់​ស្គាល់​គ្នា នៅ​បុរី​សែន​មនោ​រម្យ ។ ​ពេល​នោះរូបគេទាំង៣នាក់(ជនរងគ្រោះម្នាក់មិត្តភ័ក្រ្តពីរនាក់) ​បាន​នាំ​គ្នា​ចេញពី​កន្លែងធ្វើការនៅ​ភូមិ​ត្រពាំង​ត្រប់ ​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យទៅ លុះពេលកំពុងជិះម៉ូតូ​ដឹក​មិត្តភក្តិ​មក​ដល់​កន្លែង​លក់​ទឹកត្នោតជូរ​ជិត​បុរី​សែន​មនោ​រម្យ ស្រាប់តែ​មាន​ជនសង្ស័យមានគ្នា​ប្រមាណ​៦​នាក់​​ម៉ូតូ​២​គ្រឿង​បាន​ឈប់​ស្ទាក់​ពីមុខ​ហើយ​វាយមក​លើ​រូបគាត់ ជា​អ្នក​បើក​ម៉ូតូ​ដោយ​ដៃ​នឹង​ដំបង​បណ្តាល​ឲ្យ​រូបគាត់ភ័យ​រត់​ចោល​ម៉ូតូ ។ បន្ទាប់មកបក្សពួក​ជនសង្ស័យ​បាន​លើក​ម៉ូតូ​របស់គាត់ជិះ​គេចខ្លួន​បាត់ ទោះបីជាជនរងគ្រោះខំ​ស្រែក​ឲ្យ​គេ​ជួយក៏​មិន​មាន​នរណា​ម្នាក់​ចេញ​មក​ជួយ​ដែរ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បានត្រឹម​ជិះ​ម៉ូតូឌុប​ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល​រដ្ឋបាល​កន្ទោក​ដើម្បីឲ្យប៉ូលីស​ជួយ​អន្តរាគមន៍ប៉ុណ្ណោះ ៕ សុខាសែនជ័យ


ចែករំលែក៖