ខេត្តកណ្តាល ៖ ដោយសារដិតដាមកិលេសតណ្ហាក្រាស់ឃ្មឹក ទោះទៅសាងផ្នួសជាសង្ឃដើម្បីរកធម៌រំងាប់ផ្លូវចិត្តក៏លះបង់កិលេសតណ្ហាមិនរួចដែរ។ ជាក់ស្តែងលោកសង្ឃកំហូច១អង្គបានលួចមានទំនាក់ទំនងស្នេហាជាមួយក្មេងស្រីអតីតអ្នករួមថ្នាក់ជាមួយគ្នារហូតឈានដល់រំលោភសេពសន្ថវៈបានសម្រេចបាន៩ដង ស្មើនឹងចំនួន៧លើកតែទង្វើប្រាសចាកវិន័យសង្ឃនេះត្រូវបានឪពុកម្តាយខាងស្រីដឹង ទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកឱ្យចាប់ឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់។
ហេតុការណ៍នេះកើតឡើងនៅរសៀល ថ្ងៃសុក្រ៩រោចខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅវត្តស្វាយជ្រុំភូមិស្វាយជ្រុំឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបានឲ្យថា សង្ឃកំហូចនេះឈ្មោះ ស៊ូ ផា អាយុ២០ឆ្នាំ ជាសាមណេរ គង់នៅ នៅក្នុងវត្តស្វាយជ្រុំភូមិ- ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះស-ស-ផ-ន អាយុ១២ឆ្នាំរស់នៅឃុំស្វាយជ្រំស្រុកខ្សាច់កណ្ដាល ជាសិស្ស រៀននៅអនុវទ្យាល័យស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។
មន្ត្រីកងរាជអាវុធហត្ថដដែលបានបញ្ជាក់ថា ក្រោយពេលទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះភ្លាម សមត្ថកិច្ចរបស់លោក បានសុំគោលការណ៍ពីថ្នាក់លើសហការជាមួយ មន្ទីរ និងការិយាល័យ ធម្មការនិងកិច្ចការសាសនាខេត្ត-ស្រុក ទៅកាន់វត្តស្វាយជ្រំ ជួបព្រះចៅអធិការវត្ត ដើម្បីស្រាវជ្រាវ និងសាកសួរព័ត៌មាននេះទើបបែកធ្លាយថាមានរឿងហេតុនេះមែន ហើយមេគណស្រុកក៏បានផ្សឹកព្រះសង្ឍអង្គនេះទៅជាគ្រហស្ថដើម្បីចាត់ការតាមច្បាប់។
មន្ត្រីកងរាជអាវុធហត្ថដដែលបន្តថា តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ស៊ូ ផា ប្រាប់ថា នៅក្នុងឆ្នាំ២០១៧ រូបគេនិងក្មេងស្រីរងគ្រោះបានស្គាល់គ្នាក្នុងពេលរៀនភាសាអង់គេ្លស ជាមួយគ្នា។បន្ទាប់មកខ្លួនបានទៅបួសជាសង្ឃនៅវត្តស្វាយជ្រំ ហើយក៏មានការទំនាក់ទំនងនឹងគ្នាជាមួយក្មេងស្រីរងគ្រោះ តាមរយ:ទូរស័ព្ទរហូតក្លាយជាស្នេហាយ៉ាងស៊ីជម្រៅ ។ ជនសង្ស័យបានសារភាពថា នៅពេលនោះខ្លួនបានលួងលោមក្មេងស្រីរងគ្រោះដើម្បីសេពមេថុនបានសម្រេចចំនួន៩ដងស្មើនឹង៧លើកនៅក្នុងឃ្លាំងដាក់សម្ភារ:វត្តស្វាយជ្រុំ
ដោយសន្យាថា និងចូលស្តីដណ្តឹងនាងរៀបការពេញច្បាប់នៅពេលជនរងគ្រោះគ្រប់អាយុ១៨ឆ្នាំ ។។ លុះរហូតមកដល់ថ្ងៃកើតហេតុ ម្តាយក្មេងស្រីរងគ្រោះដឹងរឿងកូន ក៏ដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។
បច្ចុប្បន្នសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់ ៕ ស្អាងជ័យ