ភ្នំពេញ ៖ បុរស៣នាក់បន្ទាប់ពីបានលុយតៃអៀរចូលឆ្នាំចិនពីថៅកែរោងចក្ររួចមក បានបបួលគ្នាទៅផឹកស៊ី ប៉ុន្តែមិនទាន់ទៅដល់កន្លែងផងក៏ត្រូវក្រុមចោរមួយក្រុមស្ទាក់វាយប្លន់យកម៉ូតូបានដោយសុវត្ថិភាព ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូល ថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ពៅ តុលា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រផលិតទុយោ ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិប្រហែក ឃុំសុភី ស្រុកបាទី ខេត្តតាកែវ ចំណែកម៉ូតូដែលក្រុមចោរវាយប្លន់យកទៅបាត់ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-7407 ។
តាមប្រភពជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីរូបគេបានលុយតៃអៀពីថៅកែរោងចក្រហើយ ក៏បានបបួលមិត្តភក្តិ២នាក់ទៀតទៅផឹកស៊ីនៅកន្លែងដែលធ្លាប់ស្គាល់គ្នា នៅបុរីសែនមនោរម្យ ។ ពេលនោះរូបគេទាំង៣នាក់(ជនរងគ្រោះម្នាក់មិត្តភ័ក្រ្តពីរនាក់) បាននាំគ្នាចេញពីកន្លែងធ្វើការនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យទៅ លុះពេលកំពុងជិះម៉ូតូដឹកមិត្តភក្តិមកដល់កន្លែងលក់ទឹកត្នោតជូរជិតបុរីសែនមនោរម្យ ស្រាប់តែមានជនសង្ស័យមានគ្នាប្រមាណ៦នាក់ម៉ូតូ២គ្រឿងបានឈប់ស្ទាក់ពីមុខហើយវាយមកលើរូបគាត់ ជាអ្នកបើកម៉ូតូដោយដៃនឹងដំបងបណ្តាលឲ្យរូបគាត់ភ័យរត់ចោលម៉ូតូ ។ បន្ទាប់មកបក្សពួកជនសង្ស័យបានលើកម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ ទោះបីជាជនរងគ្រោះខំស្រែកឲ្យគេជួយក៏មិនមាននរណាម្នាក់ចេញមកជួយដែរ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹមជិះម៉ូតូឌុបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដើម្បីឲ្យប៉ូលីសជួយអន្តរាគមន៍ប៉ុណ្ណោះ ៕ សុខាសែនជ័យ