ខេត្តស្ទឹងត្រែង៖ រថយន្តមួយគ្រឿងផ្ទុកដោយទាហាន៦នាក់ រួមទាំងលោកមី ប៊ុនប៉ន ដែលជាមេវរៈការពារព្រំដែនគោក រងរបួសធ្ងន់ បច្ចុប្បន្នត្រូវបានរថយន្តអ្នកស្គាល់គ្នា ជួយដឹកយកមកសង្គ្រោះនិងព្យាបាល នៅមន្ទីរពេទ្យយោធាយោធភូមិភាគ១ភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃសៅរ៍ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខិះក្រោម ភូមិថ្មី ឃុំព្រែកមាស ស្រុកសមប៉ាង ។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះដែលគេស្គាល់ច្បាស់១រូប គឺលោកមី ប៊ុនប៉ន មេវរៈការពារព្រំដែនគោកកម្ពុជា ឡាវ ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តរងរបួសធ្ងន់ ត្រូវបានរថយន្តអ្នកស្គាល់ដឹកទៅសង្គ្រោះបន្ទាន់មុនគេ តែចំណែកអ្នករងគ្រោះ៥នាក់ទៀតត្រូវជាកូនចៅ ដឹកតាមក្រោយជាបន្តបន្ទាប់ ។
ប្រភពដដែលបានបន្តទៀតថា រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2B.5489 ធ្វើដំណើរពីត្បូងទៅជើង ចេញពីទីរួមខេត្ត គោលដៅឆ្ពោះទៅព្រំដែន ដោយបើកបរធ្វេសប្រហែស បួងចង្កូតមកស្តាំជ្រុលទៅធ្លាក់ប្រឡាយ ក្រឡាប់ជាច្រើនត្រឡប់ ធ្វើឲ្យមនុស្ស៦នាក់រងរបួសធ្ងន់ និងស្រាល ចំណែករថយន្តរងការខូចខាតស្ទើរទាំងស្រុង ។
ចំណែកអ្នករងបួស៥នាក់ទៀត មិនបានស្គាល់អត្តសញ្ញាណ ព្រោះមិនទាន់អាចសុំការបំភ្លឺពីលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តបានទេ ព្រោះទូរស័ព្ទលោកជាប់រវល់មិនអាចផ្តល់ព័ត៌មានបានទេ ៕ មាស សុផាត