ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេគប់សំបកកំប៉ុងចំក្បាលដកកាំភ្លើងបាញ់មេឃ១គ្រាប់បង្អូតស្រីស្នេហ៍

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ ដែលគេស្គាល់ថា ជំនួយការអ្នកមានអំណាចម្នាក់បានដកកាំភ្លើងបាញ់មេឃ ដើម្បីបង្អូតស្រីស្នេហ៍ ដែលកំពុងអង្គុយផឹកសុីជាមួយគ្នា ដោយសារខឹងអ្នកជិតខាងដែលបោះកំប៉ុងពីលើផ្ទះមកត្រូវក្បាលខ្លួន

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង១០៖៣០នាទីយប់ ថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខបន្ទប់ជួលលេខ៤ ទល់មុខភោជនីយដ្ឋាន ម៉ែក្មេក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគៀនឃ្លាំង សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសដែលដកកាំភ្លើងបាញ់មេឃនោះមានឈ្មោះ ទ្រី ហៅ តាប៉ោង មានអាយុប្រហែលជាង៤០ឆ្នាំ ជាជំនួយការអ្នកធំម្នាក់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងទៀតថា នារីដែលជាស្រីស្នេហ៍អង្គុយផឹកជាមួយជំនួយការអ្នកធំនោះ មានឈ្មោះ យ៉ុន ស៊ីម អាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ។

បើតាមសម្តីនារីឈ្មោះ យ៉ុន ស៊ីម បានប្រាប់សមត្ថកិច្ចថា នៅម៉ោងជាង៨យប់ ថ្ងៃកើតហេតុនេះ ខ្លួនបានអង្គុយផឹកស្រាជាមួយជនបង្ក រហូតដល់ម៉ោងកើតហេតុ ដោយសារពេលនេះ មានអ្នកជួលបន្ទប់នៅខាងលើ បានគប់សំបកកំប៉ុងចំក្បាលជនបង្ក ក៏ធ្វើឲ្យជនបង្កខឹង។ ភ្លាមៗនោះ ជនបង្កបានឡើងទៅសួរនាំ ក៏បានប៉ះសម្ដីគ្នា ទើបជនបង្កបាញ់១គ្រាប់ ឡើងទៅលើមេឃ រួចបើករថយន្តគេចចេញពីកន្លែងកើតហេតុ បាត់ស្រមោលតែម្ដង ។

បន្ទាប់ពីកើតហេតុរួច នារីដែលជាស្រីស្នេហ៍អង្គុយជាមួយជនបង្ក ត្រូវបានសមត្ថកិច្ចអញ្ជើញទៅកាន់ប៉ុស្ដិ៍ជ្រោយចង្វា ដើម្បីសួរនាំរកជនបង្ក៕ជ្រោយពេជ្រ


ចែករំលែក៖