ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ (ក្នុងចំណោមបក្ខពួក២នាក់) បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ខ្សែកពីបុរសម្នាក់ជនជាតិខ្មែរ សញ្ជាតិបារាំង មិនបានសម្រេចព្យាយាមជិះម៉ូតូរត់គេចខ្លួនត្រូវសមត្ថកិច្ចមូលដ្ឋាននៅក្បែរនោះដេញក្របួចជាប់បានម្នាក់ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃអាទិត្យ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវលេខ១៨៤ កែងផ្លូវលេខ៥១ ភូមិ១២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ហង្ស ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដជាអ្នកបើកម៉ូតូ ។ចំណែកបក្ខពួកដែលរត់គេចខ្លួនបាត់នោះ ឈ្មោះ ឡេង បញ្ញា ភេទស្រី អាយុប្រហែល១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដជាអ្នកធ្វើសកម្មភាពឆក់ខ្សែក ហើយសមត្ថកិច្ចឃាត់ខ្លួន ពីបទ៖លួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា(ឆក់ខ្សែកបណ្តាលឲ្យជនរងគ្រោះដួលរបួស) ។រីឯជនរងគ្រោះឈ្មោះ VILLARERL BERNARD ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិបារាំង មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវដួលរងរបួសចំម្រាមដៃខាងស្តាំ(ជនរងគ្រោះពុំបានដាក់លិខិតឆ្លងដែនតាមខ្លួនទេ) ។ វត្ថុតាងចាប់យកបាន៖ ១.ម៉ូតូមួយគ្រឿង ម៉ាកស៊ុយហ្ស៊ុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ GG-6732 ជាមធ្យោបាយជនសង្ស័យ ជិះធ្វើសកម្មភាព ។ ដោយឡែកសំភារះបាត់បង់៖ គ្មាន(ខ្សែកផ្លាកទីនទម្ងន់៣ជី ត្រូវបានជនរងគ្រោះដណ្តើមយកបានវិញ) ។
ក្រោយពេលឃាត់ខ្លួនរួចសមត្ថកិច្ចបានធ្វើតេសទឹកនោមរកឃើញថាជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ តាមនិតិវិធីច្បាប់ ៕ ស តារា