ខេត្តកណ្ដាល៖ បុរសម្នាក់បានចេញពីផ្ទះទៅឆក់ត្រីក្នុងបឹងមួយកន្លែង តែជាអកុសលឆក់មិនប្រយ័ត្នខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៥និង១០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្នុងបឹងចាក់ក្អែក ស្ថិតក្នុងភូមិព្រែកជ្រៃ ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ចេង សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកប្រា ឃុំព្រែកឬស្សី ស្រុកល្វាឯម ខេត្តកណ្តាល ។ ក្នុងការស្លាប់នេះ សមត្ថកិច្ចបានប្រមូលវត្ថុតាងមាន៖ អាគុយ ធុន៤០ ចំនួន១គ្រឿង ,ដុំអាំងវ៉ុលទ័រចំនួន១ និងដងឬស្សីសម្រាប់ឆក់មួយគូរផងដែរ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅឆក់ត្រី នៅចំណុចបឹងមួយកន្លែងដែលមានចម្ងាយប្រមាណ១គីឡូម៉ែត្រ ពីផ្ទះជនរងគ្រោះ ដោយមានគ្នា២នាក់ទៀតឈ្មោះ ផេង ចេង ត្រូវជាឪពុកជនរងគ្រោះ និងម្នាក់ទៀតឈ្មោះ ហេង សេង ត្រូវជាឪពុកមារជនរងគ្រោះ ។ លុះមកដល់ក្នុងបឹង ជនរងគ្រោះ និងអ្នកមកជាមួយ២នាក់ទៀតនោះបានបំបែកគ្នាទៅរកកន្លែងផ្សេងគ្នា តែក្នុងបរិវេណបឹងតែមួយ ។ លុះឆក់ត្រីបានមួយសន្ទុះ ស្រាប់តែបាត់ជនរងគ្រោះ ភ្លាមនោះឪពុកជនរងគ្រោះនិងឪពុកមារបាននាំគ្នាដើររកជនរងគ្រោះ ក៏ស្រាប់តែបានប្រទះឃើញដងឆក់អណ្តែតលើផ្ទៃទឹក រួចក៍ចាប់ទាញយកមក ស្រាប់តែឃើញជនរងគ្រោះឈ្មោះ ចេង សុភ័ណ្ឌ បានដួលស្លាប់ក្នុងទឹកដោយស្ពាយអាគុយនៅជាប់នឹងខ្នងបាត់ទៅហើយ ។ ភ្លាមនោះឪពុកនិងឪពុកមា ក៏បាននាំគ្នាសាកសពជនរងគ្រោះត្រឡប់មកផ្ទះ រួចបានរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកពិនិត្យ ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្លួនឯងប្រាកដមែន ។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ