ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់បណ្ដាលអោយបុរសម្នាក់រងរបួសធ្ងន់ ខណះកំពុងជិះម៉ូតូត្រូវ រថយន្តមួយគ្រឿងបត់ឆ្វេងមិនមានការប្រុងប្រយ័ត្ន ជ្រុលទៅបុកពេញទំហឹងកាលពីថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១និង១៥នាទី រសៀលនៅលើផ្លូវជាតិលេ១ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យនគរវត្ដដឹងថា រថយន្ដបង្ក ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-3202 បើកបរដោយឈ្មោះ លុក សាមិន ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីលិចទៅកើតស្របទិសគ្នាជាមួយគ្នា ហើយបត់ឆ្វេងមិនប្រយ័ត្នក៏បណ្តាលឲ្យបុកប៉ះជាមួយម៉ូតូ ដួលនិងខ្ទាតកិនបាក់ជើងតែម្តង។
ប្រភពដដែលបានបន្តទៀតថា បុរស រងគ្រោះជិះម៉ូតូ១គ្រឿង ម៉ាកភូសា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FJ-7950 បើកបរដោយឈ្មោះ ខឹម សារាជ អាយុ២១ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បើកបរពីកើតទៅលិច ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ( ម៉ូតូខូចខាតស្រាល )។
ក្រោយពីបង្កគ្រោះថ្នាក់រថយន្ត បានបើកគេចខ្លួនតែត្រូវសមត្ថកិច្ចដេញតាមចាប់បានផងដែរ។ ចំណែកជនរងត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយហៅរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរខេត្តស្វាយរៀង ដើម្បីធ្វើការសង្គ្រោះ។ រីឯមធ្យោបាយទាំង២ ត្រូវសមត្ថកិច្ចយកមករក្សាទុកនៅអធិការក្រុងស្វាយរៀង ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ យឹម សុថាន