ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ស្រវឹង​បើក​រថយន្ត​បំបុក​សមត្ថកិច្ច​ ទំនង​គេច​មិន​ផុត​ពី​ពន្ធនាគារ​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ស្រវឹង​ម្នាក់​ ដែល​បើក​រថយន្ត​បំបុក​សមត្ថកិច្ច​បណ្តាល​ឱ្យ​ប៉ូលិស​ចរាចរណ៍ខណ្ឌ​ឫស្សី​កែវ​​ម្នាក់​របួស​ធ្ងន់​ ទំនង​គេច​មិន​ផុត​ពី​ពន្ធនាគារ​ទេ​ បន្ទាប់​ពី​តុលាការ​សម្រេច​ចោទ​ប្រកាន់​ជា​ផ្លូវការ​នោះ។

មន្ត្រី​តុលាការ​ ថ្លែងថា​​ លោក​ សៀង​ សុខ​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ នេះ​ សម្រេច​ចោទ​ប្រកាន់​ឈ្មោះ​ សា​ សារី​ ហៅ​ សារី​ អាយុ​៤៤ឆ្នាំ​ មុខរបរ​លក់​ដូរ​ ចំនួន​ពីរ​បទល្មើស​ គឺ​បទ​”ប៉ុនប៉ង​ឃាតកម្ម​ និង​ បទ​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ​”តាម​មាត្រា​២៧​ មាត្រា​១៩៩​ និង​ មាត្រា​៥០៣​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ។

បច្ចុប្បន្ន​ជនត្រូវចោទ​និង​សំណុំរឿង​ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។ ដំណាក់កាល​នេះ​ ចៅក្រម​ស៊ើបសួរ​ នឹង​សម្រេចឃុំ​ខ្លួន​ឬ​មិន​ឃុំ​ខ្លួន​ជនត្រូវចោទ។

គួរ​បញ្ជាក់​ថា​ បុរសម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​បើក​រថយន្ត​បំបុក​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ នៅ​ខណ្ឌ​ឫស្សីកែវ​។

អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ បុរស​រូប​នេះ​ អាច​ជាប់​បទល្មើស​”ប៉ុនប៉ង​ឃាតកម្ម​”តាម​មាត្រា​២៧និង​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

នៅ​យប់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សីកែវ​ នគរបាល​ចរាចរណ៍​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ហើយ​រថយន្ត​មួយ​គ្រឿង​បើក​ចូល​មក​ នគរបាល​បាន​សួរ​នាំ​ដើម្បី​ត្រួតពិនិត្យ​ ស្រាប់​តែ​បុរស​រូប​នេះ​ បើក​បំបុក​ធ្វើ​ឱ្យ​នគរបាល​ម្នាក់ឈ្មោះ​ហ៊ុល​ ចាន់​រាសី​ របួសធ្ងន់​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ តែម្ដង​។ ជនរងគ្រោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ​ ដោយ​ពុំ​ទាន់​បាន​ធូរស្រាល​ឡើយ​៕ ចេស្តា


ចែករំលែក៖