ភ្នំពេញ៖ បុគ្គលិកផ្នែកលក់ដេប៉ូស្រាបៀរអង្គរម្នាក់ ត្រូវកម្លាំនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបន្ទាប់ពីបន្លំយកលុយថ្លៃលក់ភេសជ្ជៈបានចំនួន ១.៥៧៩,៦០ ដុល្លារ រួចព្យាយាមគេចខ្លួនមិនព្រមដោះស្រាយសងលុយឲ្យក្រុមហ៊ុន កាលពីម៉ោង ៣រសៀល ថ្ងៃទី១៣ កុម្ភៈ ២០១៨ នៅចំណុចក្នុងដេប៉ូស្រាបៀអង្គរ ដីឡូត៍គ្មានលេខ ផ្លូវលេខ២៧១ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានធ្វើឡើងកាលពីល្ងាច ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចក្នុងដេប៉ូស្រាបៀអង្គរ ដីឡូត៍គ្មានលេខ ផ្លូវលេខ២៧១ ភូមិ សន្សំកុសល៥ សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អែម ចាន់ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្នែកលក់ដេប៉ូស្រាបៀអង្គរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួន ពីបទរំលោភលើទំនុកចិត្ត ដោយបន្លំយកលុយថ្លៃលក់ភេសជ្ជៈចំនួន ១.៥៧៩,៦០ ដុល្លារ ។ រីឯជនរងគ្រោះឈ្មោះ មូល សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរប្រធានផ្នែកទីផ្សារដេប៉ូស្រាបៀអង្គរ (តំណាងម្ចាស់ដេប៉ូ) ស្នាក់នៅផ្ទះលេខ១០៦ ផ្លូវលេខ៩៧ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សម្ភារៈបាត់បង់មានភេសជ្ជៈគ្រប់មុខចំនួន ៧៧កេសដូចជា ៖ ទឹកក្រូចស្ទីងកំប៉ុងចំនួន ៥កេស ,ទឹកក្រូចកំប៉ុងចម្រុះចំនួន ៥កេស ,ស្រាបៀអង្គរកំប៉ុងចំនួន ២កេស ,ស្រាបៀអង្គរដបចំនួន ២៩កេស ,ស្រាបៀហ្គីណេសដបចំនួន ៣០កេស ,ស្រាបៀហ្គីណេសកំប៉ុងចំនួន ៦កេស គិតជាប្រាក់ចំនួន ១,៥៧៩.៦០ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា