ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​បុគ្គលិកស្រាបៀរអង្គរម្នាក់ ពីបទ​រំលោភ​លើ​ទំនុកចិត្ត ​បន្លំ​យកលុយ​ថ្លៃ លក់​ភេសជ្ជៈ​ជិត២ពាន់ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិក​ផ្នែក​លក់​ដេប៉ូ​ស្រា​បៀ​រអង្គរម្នាក់ ត្រូវកម្លាំនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបន្ទាប់ពីបន្លំ​យកលុយ​ថ្លៃ​លក់​ភេសជ្ជៈ​បានចំនួន ១.៥៧៩,៦០ ដុល្លារ រួចព្យាយាមគេចខ្លួនមិនព្រមដោះស្រាយសងលុយឲ្យក្រុមហ៊ុន កាលពី​ម៉ោង ៣រសៀល ថ្ងៃទី១៣ កុម្ភៈ ២០១៨ នៅ​ចំណុច​ក្នុង​ដេប៉ូ​ស្រា​បៀ​អង្គរ ដីឡូត៍​គ្មាន​លេខ ផ្លូវ​លេខ២៧១ ភូមិ​សន្សំ​កុសល៥ សង្កាត់​បឹងទំពន់​ទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ករណីឃាត់ខ្លួនជនឆបោកខាងលើនេះ បានធ្វើឡើងកាលពី​ល្ងាច ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុង​ដេប៉ូ​ស្រា​បៀ​អង្គរ ដីឡូត៍​គ្មាន​លេខ ផ្លូវ​លេខ២៧១ ភូមិ សន្សំ​កុសល៥ សង្កាត់ បឹងទំពន់​ទី១ ខណ្ឌមានជ័យ ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ អែម ចាន់ថា ភេទ​ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​លក់​ដេប៉ូ​ស្រា​បៀ​អង្គរ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពន់​ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ត្រូវ​ឃាត់ខ្លួន ពីបទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​បន្លំ​យកលុយ​ថ្លៃ​លក់​ភេសជ្ជៈ​ចំនួន ១.៥៧៩,៦០ ដុល្លារ ។ រីឯ​ជនរងគ្រោះ​ឈ្មោះ មូល សីហា ភេទ​ប្រុស អាយុ៣០ឆ្នាំ មុខរបរ​ប្រធាន​ផ្នែក​ទីផ្សារ​ដេប៉ូ​ស្រា​បៀ​អង្គរ (តំណាង​ម្ចាស់​ដេប៉ូ) ស្នាក់​នៅផ្ទះ​លេខ១០៦ ផ្លូវ​លេខ៩៧ ភូមិ៧ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សម្ភារៈ​​បាត់បង់​មានភេសជ្ជៈ​គ្រប់មុខចំនួន ៧៧កេសដូចជា ៖ ទឹកក្រូចស្ទី​ង​កំប៉ុង​ចំនួន ៥កេស ,ទឹកក្រូច​កំប៉ុង​ចម្រុះ​ចំនួន ៥កេស ,ស្រា​បៀ​អង្គរ​កំប៉ុង​ចំនួន ២កេស ,ស្រា​បៀ​អង្គរ​ដប​ចំនួន ២៩កេស ,ស្រា​បៀ​ហ្គី​ណេ​ស​ដប​ចំនួន ៣០កេស ,ស្រា​បៀ​ហ្គី​ណេ​ស​កំប៉ុង​ចំនួន ៦កេស គិត​ជា​ប្រាក់​ចំនួន ១,៥៧៩.៦០ដុល្លារ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួនបណ្ដោះអាសន្ននៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​សាលាដំបូងរាជធានី​ភ្នំពេញ ចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖