ព័ត៌មានទាន់ហេតុការណ៍៖

លោកនាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំប្រជុំគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាលសមាគមអតីតយុទ្ធជនកម្ពុជា និងលើកទិសដៅបន្ដ

ចែករំលែក៖

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ ​សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ បានដឹកនាំ​កិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងាររបស់សមាគម ឆ្នាំ​២០១៧ និងទិសដៅ​បន្តឆ្នាំ​២០១៨ ។

ថ្លែងក្នុងកិច្ចប្រជុំនោះ​ នាយឧត្តមសេនីយ គន់ គីម ​បានវាយតម្លែខ្ពស់ ចំពោះលទ្ធផលការងារ​ដែលសមាគម​សម្រេចបាន គួរជាទីមោទនៈក្នុងឆ្នាំ​២០១៧​កន្លងទៅ ហើយបាន​សម្តែងការកោតសរសើរ ចំពោះសមាគម​ក្នុងសមាសភាពចម្រុះ នៅ​គ្រប់ថ្នាក់ គ្រប់ផ្នែក និងអរគុណចំពោះ​ប្រធាន​ស្ថាប័នរដ្ឋ និងវិស័យឯកជននានា ដែលបានខិតខំ​ពុះពារការលំបាក​រួមសាមគ្គី សហការគ្នា​បំពេញ​ការងារ​ដោយស្ម័គ្រចិត្ត និង​យ៉ា​ងមមាញឹក ធ្វើឲ្យសកម្មភាពសមាគម​មានការវិវត្តន៍ជាបន្តបន្ទាប់ រួមចំណែកយ៉ាងសំខាន់ ដល់ការអនុវត្តន៍គោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន​ផង និងបង្ហាញឲ្យសាធារណជន មើលឃើញ​កាន់តែ​ច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ជាពិសេស ចំពោះអតីតយុទ្ធជន ដែលជាអ្នកមានគុណបំណាច់ដ៏ធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជន​។​

បើតាមនាយឧត្តមសេនីយ៍ គន់ គីម តាមរយៈនៃការចុះជួបសួរសុខទុក្ខ​ជាបន្តបន្ទាប់​កន្លងទៅ បានធ្វើឲ្យបងប្អូនអតីតយុទ្ធជន ជាសមាជិកសមាគម នៅគ្រប់កន្លែង មានការសប្បាយរីករាយ ហើយទាក់ទាញបានសមានចិត្ត និងការគាំទ្ររបស់បងប្អូន ​លើការដឹកនាំរបស់សមាគម ក្រោមការដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជា​ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ជាទូទៅ​ការបើកផ្តល់ប្រាក់មរណសង្រ្គោះ មានដំណើការល្អ និងទាន់ពេលវេលា ដោយមិនទុកឲ្យមានការជំពាក់ ប្រាក់សពដូចមុនឡើយ។ ជាក់ស្តែង ក្នុងឆ្នាំ​២០១៧នេះ សមាគមបានបើកផ្តល់ជូនសមាជិកដែលមរណភាពបាន​១,៥៣២​សព ក្នុងនេះថវិកា សមាគមចំនួន​១,២៣៥​សព និងថវិកាសម្តេចតេជោ ហ៊ុន សែន​ ចំនួន​២៩៧​សព​​។ សមាគម ក៏បានសហការជាមួយបេឡាជាតិ អតីតយុទ្ធជនក្នុងការបើកផ្តល់ ប្រាក់ធានារ៉ាប់រងសង្គម ជូនដល់គ្រួសារសពអតីតយុទ្ធជន បានចំនួនសរុប​១,៦៩០​នាក់ ផងដែរ​។​

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គន់ គីម បានស្នើឲ្យសមាជិកសមាគមអតីតយុទ្ធជន គ្រប់ថ្នាក់​ខិតខំបន្ត​ចុះជួប​ស្វែងយល់សុខទុក្ខ និង​ជីវភាព​បងប្អូនអតីតយុទ្ធជន តាមគ្រួសារនីមួយ​ៗ ហើយរិះរកគ្រប់លទ្ធភាព​ជួយដោះស្រាយទុក្ខកង្វល់​ឲ្យបានទាន់ពេលវេលា និង​អំពាវនាវ​ដល់ថ្នាក់ដឹកនាំ ស្ថាប័ន អាជីវករ ក្រុមហ៊ុន និងសប្បុរសជន​នានា ​សូមមេត្តា​ជួយឧបត្ថម្ភ​ទាំងសម្ភារៈ និង​ថវិកា​ដល់​អតីត​យុទ្ធជន​ក្រីក្រ ​ដើម្បីលើកកំពស់ជីវភាព និងកំពុងត្រូវការចាំបាច់​នូវជម្រកស្នាក់នៅ។

សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបច្ចុប្បន្នភាព​កន្លងទៅ ​សមាគមបានរកឃើញ​អតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬ​មានផ្ទះ មិនសមរម្យ​១,៤៩៥​គ្រួសារ និងអ្នកដែលគ្មានទាំងដី​ទាំងផ្ទះ ​ចំនួន​៣,៥៥៤​គ្រួសារ​។​

មកដល់ពេលនេះ ​តាមសំណើ​របស់នាយឧត្តមសេនីយ គន់ គីម​, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេច​សាងសង់ផ្ទះ ជូនអតីតយុទ្ធជន ក្រីក្រ​ចំនួន​៦៣៦​ខ្នង ក្នុង​ឆ្នាំ​២០១៦ ចំនួន​៣១៣​ខ្នង និង​ឆ្នាំ​២០១៧ ចំនួន​១២៦​ខ្នង​។​ នាពេលថ្មីៗ​នេះ តាមរយៈ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចសង់លំនៅដ្ឋានចំនួន​២០០​ខ្នង ជូនអតីតយុទ្ធជនក្រីក្រ នៅសហគមន៍​ក្នុងឃុំជីកដី ស្រុករមាសហែក ខេត្តស្វាយរៀង បន្ថែមទៀត៕ ហេង សូរិយា


ចែករំលែក៖