ព័ត៌មានទាន់ហេតុការណ៍៖

គោលការណ៍គ្រឹះរបស់កាកបាទក្រហម-អឌ្ឍចន្ទក្រហមត្រូវបានបើកវគ្គផ្សព្វផ្សាយនៅសាលាខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ពិធីផ្សព្វផ្សាយគោលការណ៍គ្រឹះរបស់កាកក្រហម-អឌ្ឍចន្ទក្រហម ច្បាប់មនុស្សជាតិ និងកាកបាទក្រហមកម្ពុជា បានរៀបចំធ្វើឡើងនៅសាលាខណ្ឌមានជ័យ នៅព្រឹកថ្ងៃអង្គារ៦កើត ខែផល្គុន ឆ្នាំរកា នព្វសក័ ព.ស២៥៦១ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានសហការរវាងប្រតិភូកាកបាទក្រហមរាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដែលទទួលបានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោកជំទាវ ជា សុម៉ាលី នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជានិងលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ លោក សោម ចន្ទ្រា នាយករងកាកបាទក្រហមសាខារាជធានីភ្នំពេញ ព្រមទាំងអស់លោក-លោកស្រីក្រុមការងារក.ក្រ.កសង្កាត់ទាំង៧ ក្រុមការងារក.ក្រ.កផ្សារទាំង៣ និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ទៀតសរុប១០០នាក់។

លោក ឌី រ័ត្ឋខេមរុណ បានឲ្យដឹងថា គោលបំណងបើគវគ្គផ្សព្វផ្សាយ គឺដើម្បីបង្កើនចំណេះដឹងពង្រឹងសមត្ថភាពបន្ថែមដល់គណៈកិតិ្តយស គណៈកម្មការ អនុសាខា ក្រុមការងារអនុសាខាសង្កាត់ និងផ្សារ អ្នកស្ម័គ្រចិត្តតាមបណ្តាភូមិទាំងអស់ដែលបានចូលរួមនៅព្រឹកនេះ ជាពិសេសឲ្យផ្តោតលើការយល់ដឹងឲ្យកាន់តែច្បាស់ពីប្រវត្តិចលនាគោលការគ្រឹះច្បាប់មនុស្សធម៌ អន្តរជាតិ ការលើកកម្ពស់តម្លៃមនុស្សធម៌ ដើម្បីបំពេញការងាររបស់ខ្លួនឲ្យបានកាន់តែប្រសើរ។ ជាពិសេសទៅទៀតនោះ គឺក្រោយពីទទួលនូវការវគ្គបណ្តុះបណ្តាលយកទៅផ្សព្វផ្សាយចំណេះដឹងនេះបន្តទៅពលរដ្ឋឲ្យកាន់តែយល់ដឹងទូលំទូលាយឲ្យកាន់តែច្បាស់។

នៅក្នុងវគ្គផ្សព្វផ្សាយនេះ ក៏ទទួលបានគ្រូបង្គោល៥រូប និងដឹកនាំធ្វើបទអន្តរាគមន៍ពីសំណាក់លោក គង់វង្ស សីហ៍វិសាល ប្រធានការិយាល័យផ្សព្វផ្សាយកាកបាទក្រហមកម្ពុជា។ គួរបញ្ជាក់ថា វគ្គផ្សព្វផ្សាយនេះប្រព្រឹត្តធ្វើឡើងពេញ១ថ្ងៃ៕ តាឡឹម

 


ចែករំលែក៖