ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង រថយន្តកាមរីបាឡែន បុកគ្នាជាមួយរថយន្តកាមរីហាយប្រ៊ីត ត្រង់ចំណុចផ្លូវបំបែកជា៤ បណ្តាលឲ្យរថយន្តហាយប្រ៊ីត(រងគ្រោះ) ជ្រុលទៅបុកទ្វារហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាសសិនស៊ប រងការខូចខាត ហើយរថយន្តទាំង២គ្រឿងបានព្យាយាមបើករត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្នុងមូលដ្ឋានដេញចាប់បានតែរថយន្តរងគ្រោះ ។ចំណែករថយន្តបង្កម៉ាកកាមរីបាឡែន បើករត់គេចខ្លួនបាត់ស្រមោលដោយបន្សល់ទុកស្លាកលេខរថយន្តខាងមុខនៅកន្លែហកើតហេតុ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចតាមបណ្តោយផ្លូវលេខ១៥៦ កែងនឹងផ្លូវលេខ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AE-3420 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនបាត់ ។ចំណែករថយន្តរងគ្រោះម៉ាក កាមរីហាយប្រ៊ីត ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-7989 ជិះគ្នា២នាក់ប្រុសម្នាក់ស្រីម្នាក់ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់និងបុរសវ័យក្មេងម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ខ្មៅ ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៥៧ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតក៏បានបើកឆ្លងកាត់ផ្លូវលេខ១៥៦ ស្រាប់តែមានរថយន្តបង្កម៉ាក កាមរីបាឡែន ពណ៌ស បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៥៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ឹត ចំកង់ខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តរងគ្រោះរេចង្កូតទៅខាងស្តាំទៅបុកទ្វារហាងលក់សម្លៀកបំពាក់យីហោ អេះអិន ហ្វាសសិនស៊ប ដែលនៅតាមបណ្តោយផ្លូវលេខ២៥៧ បណ្តាលឲ្យទ្វារហាងកំពិតបន្តិចបន្តួច ។ ចំណែកឯរថយន្តរងគ្រោះរងការខូចខាតកំពិតផ្នែកខាងមុខ និងដាច់ក្រឡេកង់ខាងក្រោយចំហៀងខាងស្តាំ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនបានស្រមោលដោយបានជ្រុះស្លាកលេខរថយន្តនៅកន្លែងកើតហេតុផងដែរ ។
បន្ទាប់មករថយន្តរងគ្រោះឃើញដូច្នោះក៏បានព្យាយាមបើករត់គេចខ្លួន រហូតទៅដល់ចំណុចជាប់របងមន្ទីពេទ្យព្រះកុសុមៈ តាមបណ្តោយផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានជិះល្បាតឃើញហើយក៏ស្ទាក់ឃាត់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកស្ទូចយករថយន្តរងគ្រោះខាងលើនិងស្លាកលេខរថយន្តបង្កទៅរក្សានៅអធិការរដ្ឋនគរបាលខណ្ឌទួលគោកដើម្បីស្វែងរក និងរង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕ស តារា