ព័ត៌មានទាន់ហេតុការណ៍៖

ប៊ុត សីហាត្រូវសមត្ថកិច្ចចាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា ត្រូវបានមន្ត្រីសមត្ថកិច្ចចាប់ខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើយោងតាមមន្ត្រីនគរបាលជាន់ខ្ពស់ប្រចាំក្រសួងមហាផ្ទៃបានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក ក្រោយប្រតិបត្តិការស្ទាក់ចាប់រថយន្តមួយគ្រឿ ដែលសង្ស័យថា បានផ្ទុកគ្រឿងញៀន ។

ប្រតិបត្តិការណ៍នេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅម្ដុំពងទឹកទល់មុខសាលាបឋមសិក្សាពងទឹក ក្នុងខណ្ឌដង្កោថា គឺអ្នកស្ថិតនៅក្នុងរថយន្ត ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអមជាមួយនឹងគ្រឿងញៀន ដែលមិនទាន់ត្រូវបានបញ្ចេញតួលេខថា មានប៉ុន្មាននៅឡើយនោះ គឺពិតជាអតីតម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ គឺលោក ប៊ុត សីហា ដែលបានជាប់ពានកាលពីចុងឆ្នាំ២០១៤នោះម្នាក់ដែរ។ ការប្រកាសឲ្យដឹងនេះ បានធ្វើឲ្យម្នាក់ៗភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែលោកគឺជាតារាល្បី ប៉ុន្តែបែរជាត្រូវចាប់បានក្នុងការស្ទាក់ចាប់រថយន្តរបស់លោក ដែលត្រូវសមត្ថកិច្ចអះអាងថា មានពាក់ព័ន្ធនឹងគ្រឿងញៀនបែបនេះ ។

ការប្រកាសជាសាធារណ:នោះបានបញ្ជាក់ថា ដោយសារតែមានការតាមដានពីសកម្មភាពមិនប្រក្រតីរបស់លោក ប៊ុត សីហា ទើបឈានដល់ការស្ទាក់ចាប់នៅត្រង់ចំណុច ខាងមុខសាលាបឋមសិក្សាពងទឹក ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណជា៥ និង៣០នាទីល្ងាចតែម្ដង ដោយម្ចាស់រថយន្តគឺ ពិតជា លោក ប៊ុត សីហា ដែលតារាចម្រៀងរបស់ហង្សមាស និងជាម្ចាស់ពានThe Voice Cambodia ដែលជាតារាល្បីម្នាក់។

បើតាមមន្ត្រីនគរបាលដែលបានទម្លាយដំណឹងនោះ បានអះអាងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានតាមដានលោក ប៊ុត សីហា ប្រមាណជាកន្លះខែមកហើយ ហើយដោយលោកកាន់តែធ្វើសកម្មភាពពាក់ព័ន្ធនឹងគ្រឿងញៀន ទើបឈានដល់ការចុះចាប់តែម្ដង ក្នុងពេលដែលលោកបានបើករថយន្តមកដល់ចំណុចដែលត្រូវស្ទាក់បង្ក្រាបនោះ។ ក្រោយស្ទាក់ចាប់ខ្លួន តារាចម្រៀងក្មេងវស្សារូបនេះ ត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត ប៉ុន្តែគេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេ ដែលត្រូវបានរឹបអូស។ ទូរស័ព្ទលោកប៊ុត សីហា ខលចូលតែមិនមានអ្នកលើកឆ្លើយនោះទេ មកទល់នឹងយប់ថ្ងៃដដែល ក្រោយការចាប់ខ្លួន។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលផែនគ្រឿងញៀនបានប្រាប់បណ្តាញសារព័ត៌មានថាម្ចាស់ជយលាភីThe Voice of Cambodia រដូវកាលទី១ ប៊ុត សីហា គ្រាន់តែពាក់ព័ន្ធការជក់ និងប្រើប្រាស់គ្រឿងញៀននោះ លោកបានចាត់ចែងឲ្យកម្លាំងជំនាញទាក់ទងទៅអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅអប់រំ និងដាក់នៅកន្លែងបន្សាបគ្រឿងញៀន។

បើតាមមន្រ្តីនគរបាលរូបនេះកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានតាមដានលោក ប៊ុត សីហា ប្រមាណកន្លះខែមកហើយទើបតែចាប់ខ្លួនឃាត់នៅពេលនេះសង្ស័យពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ខណៈលោកកំពុងបើករថយន្តនៅតាមដងផ្លូវ ។ ក្រោយស្ទាក់ចាប់ខ្លួនតារាចម្រៀងក្មេងវស្សារូបនេះត្រូវបាននាំខ្លួនភ្លាមៗទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីចាត់ការបន្តទៀត ប៉ុន្តែគេមិនទាន់ដឹងថា មានគ្រឿងញៀនប៉ុន្មាននោះទេដែលត្រូវរឹបអូស ៕ វឌ្ឍនា


ចែករំលែក៖