ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រុងដឹកអ្នកដំណើរបើកថយក្រោយមិនប្រយ័ត្នបុករបាំងថ្មបាក់អស់មួយកង់ និងវៀចមួយកង់នៅផ្លូវព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន២កង់ ដោយ១កង់បានដួលរាបដល់ដី និង១កង់ទៀតបានវៀចចេញពីគ្នា នៅតាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ7មករា ខណៈដែលរថយន្តក្រុងដឹកអ្នកដំណើរបើកចេញពីក្រុមហ៊ុនថយក្រោយមកបុកកាលពីវេលាម៉ោង៣​ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ រថយន្តក្រុង ប្រភេទម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-0899 របស់ក្រុមហ៊ុន សំណារីតា ដឹកអ្នកដំណើរ​ ដែលបើកបរដោយបុរសម្នាក់ បានបើកថយក្រោយចេញពីក្រុមហ៊ុនរបស់ខ្លួនមិនប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបាក់ដួលរាបដល់ដីចំនួន១កង់ និងវៀច១កង់ រីឯរថយន្តបង្ក បានបែកកាងក្រោយផ្នែកខាងឆ្វេងខូចខាតតិចតួច ។

ក្រោយកើតហេតុភ្លាមៗ ក្រុមកម្មកររបស់ក្រុមហ៊ុន សំណារីតា ដឹកអ្នកដំណើរ បាននាំគ្នាយកសំភារៈមកគាស់របាំងថ្ម បំរុងធ្វើឲ្យដូចដើម តែត្រូវបានសមត្ថកិច្ចមូលដ្ឋានដែលល្បាតតាមផ្លូវឃើញដូច្នេះ ក៏ទំនាក់ទំនងទៅសមត្ថកិច្ចដែលជំនាញចរាចរណ៍ ចុះមកវាសវែង យករថយន្តបង្កខាងលើ យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍ជើងគោករាជធាភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ ស រស្មី


ចែករំលែក៖