ខេត្តស្វាយរៀង ៖ យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅតាមច្រករបៀងមួយចំនួន ក្នុងខត្តស្វាយរៀង គេសង្កេតឃើញមានឈ្មួញជន ជាតិវៀតណាមជាច្រើននាក់ បាននឹងកំពុងមមាញឹកដឹកទំនិញជាច្រើនប្រភេទ ជាពិសេសគឺបន្លែ ផ្លែឈើ ត្រីសាច់ គ្រឿងទេស នាំចូលមកលក់នៅតាមបណ្តាទីផ្សារមួយចំនួនក្នុងភូមិសាស្ត្រ នៃទឹកដីខេត្តស្វាយរៀង តាមបណ្តាច្រករបៀងមួយចំនួននៅជាប់នឹងព្រំដែនប្រទេសជិតខាង ហើយគេសង្ស័យថា រាល់មុខទំនិញទាំងអស់នោះ ពុំដែលត្រូវបានមន្ត្រីជំនាញចុះទៅត្រួតពិនិត្យរកសារធាតុ ដែលច្បាប់ហាមឃាត់នោះទេ គឺនិយាយជារួមចូលមួយសេរីគ្មានការរំខានពីសំណាក់មន្ត្រីជំនាញនោះឡើយ ។
ប្រភពបន្តថា ចំពោះបញ្ហាទំនិញ ដែលត្រូវបានឈ្មួញនាំចូល គឺកើតមានច្រើននៅវេលាទៀបភ្លឺ (ចន្លោះពីម៉ោង៥ទៅម៉ោង៦ព្រឹក) ដោយដឹកជាលក្ខណៈម៉ូតូ ឬម៉ូតូរ៉ឺម៉ក ដោយមានទ្រុងដាក់ទំនិញយ៉ាងងាយស្រួល ពុំចាំបាច់មានរថយន្តដឹកជញ្ជូនបន្តនោះទេ គឺដឹកយកទៅដាក់ឲ្យម៉ូយនៅតាមស្តង់រឺតាមទីផ្សារនានា ជាពិសេសនៅក្រុងបាវិត ហើយបន្តយកមកដល់ផ្សារមួយចំនួននៅក្នុងក្រុងស្វាយរៀងផងដែរ ហើយក៏មានពួកឈ្មួញខ្លះបានបន្តដឹកម្ហូបចំណី ទំនិញផ្លែឈើទាំងនោះទៅដាក់នៅតាមបណ្តាអាហារដ្ឋាន ភោជនីយ៍ដ្ឋាន និងកាសីុណូខ្លះផងដែរ ។
ប្រភពដដែលបានបន្ថែមទៀតថា នាពេលកន្លងមកនៅតាមច្រករបៀងដែលត្រូវបានឈ្មួញនាំចូលនូវផ្លែឈើ បន្លែ ត្រីសាច់ផ្សេងៗនោះ តែងតែមានមន្ត្រីជំនាញចុះទៅត្រួតពិនិត្យរកសារធាតុគីមី ដែលច្បាប់បានហាមឃាត់មិនឲ្យប្រើលើមុខម្ហូបចំណីអាហារ ឬប្រើមានចំនួនកំរឹតកំណត់លើបន្លែ ផ្លែឈើ រឺសាច់សត្វហើយជាលទ្ទផលគឺបានរកឃើញនូវសារធាតុថ្នាំបាញ់សត្វល្អិតនៅលើស្លឹកគូឆាយ និងមើមខ្ទឹមហើយមន្ត្រីជំនាញទាំងនោះ ក៏ធ្លាប់បានណែនាំដល់ពួកឈ្មួញឲ្យដឹងអំពីផលប៉ះពាល់ នៃសារធាតុគីមី ដែលច្បាប់ហាមឃាត់ចំពោះសុខភាពរបស់អ្នកបរិភោគ ។
ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា ៖ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាទីបំផុតនោះ គឺកំឡុងនាពេលចូលឆ្នាំចិន កន្លងទៅថ្មីៗនេះ បន្លែ និងផ្លែឈើត្រូវបានឈ្មួញសម្រុកនាំចូលយកមកលក់ពាសពេញទីកន្លែង ដោយពុំបានធ្វើឲ្យរំខានដល់មន្ត្រីជំនាញណាម្នាក់ឡើយ ដែលក្រៅតែពីកងកម្លាំងសមត្ថកិច្ចនៅការពារព្រំដែនតែប៉ុណ្ណោះ ដែលជាអ្នកនៅការពារខ្សែបន្ទាត់ព្រំដែន។ តើសុខភាពរបស់អ្នកបរិភោគសព្វថ្ងៃ នឹងទៅជាយ៉ាងណាវិញ បើមន្ត្រីជំនាញវិញនាំគ្នានៅសម្ងំឈឹង មិនអើពើ ឬមួយក៏រវល់ជាប់ចូលឆ្នាំចិន ស្រវឹងខ្មែរទេដឹង បានជាគ្មានសកម្មភាពអ្វីសោះ ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ នគរវត្តមិនអាចទំនាក់ទំនងទៅលោក ផឹង និល ដែលជា ប្រធានសាខាកាំកុងត្រូលខេត្តថ្មី ទើបផ្លាស់ប្តូរមកពីខេត្តកំពង់ស្ពឺនារសៀលនេះបានទេ ព្រោះគ្មានលេខទូរស័ព្ទ ៕ យឹម សុថាន