ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកស្ទាក់ផ្លូវធាក់ម៉ូតូនារីសិស្សសាលាផ្តួលរួចចាប់អូសចូលព្រៃបង្ខំរំលោភមិនបានសម្រេច សម្លាប់នាងចោលយ៉ាងសាហាវព្រៃផ្សៃបំផុត

ចែករំលែក៖

ខេត្តរតនគិរី៖ មានករណីរំលោភសម្លាប់ទៀតហើយនៅ ខេត្តរតនគិរី សិស្សស្រីជនជាតិភាគតិចទំពួនម្នាក់ទៀត ត្រូវបានឃាតកល្មោភកាមរំលោភ ហើយសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលា៦ និង៣០នាទីល្ងាចថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំណុចចម្ការស្វាយចន្ទីក្នុងភូមិញ៉ាល ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី ។

ក្រោយកើតហេតុ ត្រូវបាននគរបាលការិយាល័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាល ខេត្ត សហការជាមួយកម្លាំងនគរបាល ស្រុក និង ឃុំបានចុះទៅធ្វើកោសល្យវិច័យសាកសព នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ ។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា សិស្សស្រីដែលរងគ្រោះនោះមាន ឈ្មោះ ក្វាសខា អាយុ១៧ឆ្នាំ ជនជាតិទំពួន មុខរបរសិស្សរៀនថ្នាក់ទី៦ សាលាបឋមសិក្សាភូមិស៊ូ រៀនពេលព្រឹក ពេលល្ងាចទៅរៀនសាលាយូឡាយ នៅទីរួមស្រុកបកែវ ។

ក្រោយពីត្រួតពិនិត្យសាកសពរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះត្រូវបានជនល្មើសប៉ងរំលោភមិនបានសម្រេចរួចសម្លាប់តែម្តង ។ នៅលើដងខ្លួនសាកសពមានស្នាមរបួស បែកក្បាលផ្នែកខាងក្រោយ បាក់ក្ដោងច្រមុះ និងមានស្នាមរបួសត្រង់កជាំខ្មៅ ជនល្មើសអាចយកដៃច្របាច់.ក ហើយជនល្មើសបានស្រាតខោអាវចេញអស់ និងអាវរបស់នាងរហែក៣-៤កំណាត់ ។

នៅជុំវិញកន្លែងកើតហេតុ មិនមានផ្ទះប្រជាពលរដ្ឋនៅជិតទីនោះទេ ។ តាមប្រភពថា នាងជិះម៉ូតូម្នាក់ឯងចេញពីសាលាបំណងវិលត្រឡប់ទៅផ្ទះវិញ នៅលើផ្លូវក្រាលគ្រួសក្រហម មកដល់ចំណុចកើតហេតុខាងលើនេះ ជនសង្ស័យធ្វើសកម្មភាពស្ទាក់ផ្លូវរួចធាក់ម៉ូតូនាងឲ្យដួលហើយចាប់នាងអូសចេញពីផ្លូវចម្ងាយ១០ម៉ែត្រ និងយកម៉ូតូជនរងគ្រោះមកលាក់ទុកនៅក្បែរសាកសពទៀតផង ។

ឪពុកម្តាយនាងរងគ្រោះបានប្រាប់ថា លើខ្លួនសាកសពបានបាត់កងដៃផ្លាកទីនចំនួន៥វង់តម្លៃ២លានរៀល និងម៉ូតូនាងជិះបែកកញ្ចក់ខាងស្តាំពេលជនសង្ស័យធ្វើកម្មភាពទំនងជនរងគ្រោះបានតដៃជាមួយជនសង្ស័យវិញ ឬក៏មនុស្សស្គាល់គ្នាទើបជនល្មើសសម្លាប់បំបិតមាត់បែបនេះ ។

បច្ចប្បន្នវត្ថុតាងម៉ូតូជនរងគ្រោះត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាន ស្រុកបកែវ ។

ឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីជនជាតិដើមភាគតិច ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងតែស្រាវជ្រាវយ៉ាងសកម្មដើម្បីកំណត់មុខសញ្ញាជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។

តាមការឲ្យដឹងពីឪពុកម្តាយសិស្សស្រីរងគ្រោះបានឲ្យដឹងថា ពេលព្រឹក នាងបានរៀននៅសាលាក្បែរផ្ទះ ពេលល្ងាចម៉ោង៣រសៀល នាងតែងតែជិះម៉ូតូទៅរៀនម្នាក់ឯង នៅសាលាភាសាអង់គ្លេសយូឡាយ មានចំងាយពីផ្ទះរបស់នាង៨គីឡូម៉ែត្រ នៅម៉ោង៦ និង៣០នាទីល្ងាច នៅថ្ងៃកើតហេតុនោះដែរ ឪពុកម្តាយបានបាត់នាង នាំគ្នាដើររក ក៏បានប្រទះឃើញសាកសពនាងនៅចំណុចខាងលើម៉ោង៨ និង៣០នាទីយប់ នៅថ្ងៃទី២១ ខែកុម្ភ: តែម្តង ។

តាមទម្លាប់របស់នាងមិនប្រើទូរស័ព្ទនោះទេ ហើយជាកូនច្បងក្នុងបន្ទក់៥នាក់ ប្រុស៣ ស្រី២ ។

គួររំលឹកថាក្នុង ខេត្តរនគិរីនេះ ករណីរំលោភសម្លាប់កើតឡើង៤លើកមកហើយ នៅចុងឆ្នាំ២០១៧ មួយករណីនៅ ស្រុកលំផាត់ ដើមឆ្នាំ២០១៨ នៅក្រុងបានលុង ២ករណី ស្លាប់១ របួសធ្ងន់១ ។ ពេលនេះ ន ស្រុកបកែវរំលោភសម្លាប់ មិនទាន់ចាប់បានមុខសញ្ញានៅឡើយទេ ។

ក្នុង៤ករណីនេះ ចាប់បានមុខសញ្ញា១លើកនៅក្រុងបានលុងចាប់រំលោភនាងអាត សិញ អាយុ១៨ឆ្នាំ ជនជាតិគ្រឹង មុខរបរសិស្សថ្នាក់ទី១២ រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ចាប់បានជនសង្សយ័ម្នាក់ រីឯ៣ករណីទៀតមិនទាន់ចាប់បាន ៕ ជីវន្ត


ចែករំលែក៖