ទីក្រុងបាងកក៖ នៅថ្ងៃអាទិត្យទី ៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ការបោះឆ្នោតជាតិថៃ បានចាប់ផ្តើមជាផ្លូវការហើយ គឺជាការបោះឆ្នោតសំខាន់បំផុតមួយ ដោយមានគណបក្សចំនួន ៥២ ចុះឈ្មោះចូលរួមប្រកួតប្រជែង។ ក្នុងចំណោមគណបក្សទាំងនេះ មានប្រហែល ៤ គណបក្សធំតែ ដែលទទួលបានប្រជាប្រិយភាពខ្ពស់ និង ត្រូវបានគេចាត់ទុកថាជាអ្នកប្រកួតប្រជែងសំខាន់ក្នុងការដឹកនាំប្រទេសថៃ។
គណបក្សទាំងនេះរួមមាន៖ គណបក្សប្រជាជន (People’s Party) ដឹកនាំដោយ លោក ណាតាផុង រឿងផាន់យ៉ាវុទ្ធ, គណបក្សភឿថៃ ដឹកនាំដោយ លោក យោចាណាន់ វង្សសុវ៉ាត់ ត្រូវបានគេស្គាល់ថាជាក្មួយប្រុសលោក ថាក់ ស៊ីន, គណបក្សភូមិចៃថៃ ដឹកនាំដោយ លោក អនុទីន ចាន់វីរៈគុល និង គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយ លោក អភិសិត វិចាជីវ៉ា។
គណបក្សប្រជាជន គាំទ្រច្រើនដោយយុវជនដែលមានលោក ភីថា ជាសមាជិក គឺផ្ដោតលើការប្រឆាំងអំពើពុករលួយ ការបែងចែកឱកាសស្មើភាព និង ការធ្វើទំនើបកម្ម។ គណបក្សបានលើកឡើងគំនិត “៣ ថៃ” រួមមាន ថៃគ្មានប្រផេះ (បំបាត់អំពើពុករលួយ), ថៃស្មើភាព (បែងចែកអំណាច និង ធនធានស្មើគ្នា) និង ថៃទាន់សម័យ (ប្រើបច្ចេកវិទ្យា និងច្នៃប្រឌិតក្នុងការគ្រប់គ្រង)។
គណបក្សភឿថៃ ផ្ដោតលើការកាត់បន្ថយចំណាយ បង្កើនចំណូល និងពង្រីកឱកាស។ គោលនយោបាយរួមមាន ការកាត់បន្ថយតម្លៃអគ្គិសនី និងថាមពល, ផ្តល់សេវាសុខាភិបាលឥតគិតថ្លៃ ឬតម្លៃទាប, គាំទ្រកសិករ និង សហគ្រិនខ្នាតតូច និងមធ្យម SME តាមរយៈឥណទាន និងបច្ចេកវិទ្យា, ផ្សព្វផ្សាយទេសចរណ៍ និងបង្កើតការងារថ្មី។
គណបក្សភូមិចៃថៃ ឯណោះវិញ ផ្ដោតលើការកែលម្អសេដ្ឋកិច្ចតំបន់ និងសេវាសង្គម។ គោលនយោបាយបក្សនេះ រួមមាន ការផ្ដល់មូលនិធិគ្រោះមហន្តរាយ, កាត់បន្ថយថ្លៃអគ្គិសនី តម្លៃ៣ បាត, ផ្គត់ផ្គង់ប្រាក់ឧបត្ថម្ភសម្រាប់កងជីវពល និងពេទ្យទាហានស្មគ្រចិត្ត, កាត់បន្ថយថ្លៃចំណាយប្រជាពលរដ្ឋ, បង្រ្កាបការឆបោកតាមអនឡាញ និងប្រឆាំងការនាំចូលគ្រឿងញៀន។
គណបក្សប្រជាធិបតេយ្យ ផ្ដោតលើការកាត់បន្ថយបំណុលគ្រួសារ និងជំរុញកំណើនសេដ្ឋកិច្ច។ គោលនយោបាយសំខាន់ៗរួមមាន បញ្ឈប់ភាពក្រីក្រ ដោយធានាប្រាក់ចំណូលកសិករ និងកម្មករ, ផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់មនុស្សចាស់ និងជនពិការជាទ្វេដង, អប់រំឥតគិតថ្លៃ និងការអភិវឌ្ឍជំនាញជីវិត, កែលម្អប្រព័ន្ធដឹកជញ្ជូន និងថាមពលស្អាត។
នៅថៃអំណាចកងទ័ព និង ស្តេច គឺខ្លាំងជារដ្ឋាភិបាលស៊ីវិល ដូចដែលយើងឃើញ ប្រវត្តិរដ្ឋប្រហារច្រើនដងមកហើយ។យោងតាមការស្រាវជ្រាវ ថៃមានប្រវត្តិរដ្ឋប្រហារច្រើនជាង ១៣ ដង ចាប់តាំងពីឆ្នាំ១៩៣២។ រដ្ឋប្រហារចុងក្រោយកើតឡើងនៅឆ្នាំ២០១៤ ដោយយោធាថៃ។ការបោះឆ្នោតឆ្នាំ២០២៦នេះ គឺធ្វើឡើងក្រោយពីរដ្ឋាភិបាលស៊ីវីលថៃ បានប្តូរនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ ដែលចុងក្រោយគឺ លោក អនុទីន ចាន់វីរៈគុល ហើយបង្កជាវិបត្តិនយោបាយ អស្ថេរភាពក្នុងប្រទេសថៃទាំងមូលទាំង សេដ្ឋកិច្ច វិនិយោគ ហើយរងការរិះគន់ ខឹងសម្បាពីប្រជាជនថៃ។បញ្ហាទាំងនេះ ក៏អាចមានការរួមចំណែកពីអំណាចយោធា គាំទ្រពីស្តេចថៃផងដែរ។
ទោះបីជាការបោះឆ្នោតឆ្នាំ២០២៦ កំពុងប្រព្រឹត្តក្នុងបរិយាកាសប្រជាធិបតេយ្យក៏ដោយ ប៉ុន្តែអ្នកវិភាគនយោបាយបានព្រមានថា ប្រសិនបើមានវិបត្តិនយោបាយ ឬការប្រកួតប្រជែងអំណាចខ្លាំង ក្រុមយោធាអាចព្យាយាមចូលមកធ្វើរដ្ឋប្រហារម្តងទៀត។តែយ៉ាងណា យើងនឹងរងចាំតាមដានបន្ថែមទៀត ចំពោះវិបត្តិនយោបាយប្រទេសក្បែរខាងកម្ពុជាមួយនេះ៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច