ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប ម៉ាកឡង់គ្រឺស័រ បុកម៉ូតូសង់កូរ៉េ អូសជាង ១០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង ១រសៀល ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវ ៦០ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បង្កដោយរថយន្តស៊េរីទំនើប ម៉ាកឡង់គ្រឺស័រ បុកម៉ូតូសង់កូរ៉េ អូសប្រមាណជាង១០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាៈ គេឃើញរថយន្តម៉ាកឡង់គ្រឺស័រ ពាក់ស្លាកលេខភ្នំពេញ 2AC-1122 បើកបរពីជើងទៅត្បូង ក្នុងទិសដៅបញ្ច្រាសទិសជាមួយម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានម៉ូតូសង់កូរ៉េ ពាក់ស្លាកលេខស្វាយរៀង1G-0660 ជិះឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុកចំពីចំហៀង ផ្នែកខាងស្តាំ បណ្តាលជាប់អូសជិត១០០ម៉ែត្រ ទើបឈប់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសាម៉ុយ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ ចំណែករថយន្ត​​និងម៉ូតូ ត្រូវយកទៅរក្សាទុកនៅ ចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖