ខេត្តកំពង់ស្ពឺ៖ ផ្ទះរបស់មន្ត្រីយោធាដ៏មានឥទ្ឋិពល និងតែងតែយកឈ្មោះថ្នាក់ដឹកនាំធំៗមកនិយាយអួតក្តែងៗ ដើម្បីការពារមុខរបរដឹកឈើរបស់ខ្លួននោះ ពេលនេះត្រូវបានមេព្រៃស្ទើរមួយខេត្ត ព្រមទាំងប៉ូលិសកម្លាំងកងរាជអាវុធហត្ថចុះទៅព័ទ្ឋផ្ទះបង្ក្រាបការស្តុកឈើខុសច្បាប់ ដែលមន្ត្រីយោធាជាឈ្មួញដ៏ល្បីលាក់ទុកនៅក្នុងដីចំការចេករបស់ខ្លួន ។
មន្ត្រីយោធា និងជាឈ្មួញឈើរូបនេះ បានគេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់គឺឃើញតែប្រពន្ឋមកនិយាយជាមួយអស់លិកមេព្រៃមួយចំនួន ដែលធ្លាប់មានសម្ពន្ឋភាពជាមួយគ្នា ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ សមត្ថកិច្ចមេព្រៃបានព័ទ្ឋផ្ទះ និងដីចំការរបស់ឈ្មួញឈើដ៏ល្បីមួយរូប ប្រចាំស្រុកភ្នំស្រួចគឺលោកស័ក្តិ៤កន្លះ យឹម សុផាន់ ស្ថិតនៅភូមិតាំងស្យាឃុំតាំងស្យាស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ដែលសង្ស័យថាមានលាក់ទុកឈើជាច្រើនកំណាត់ ។
ឈើទាំងនេះត្រូវបានប្រភពបង្ហើបថាជារបស់មន្ត្រីយោធាឈ្មោះ យឹម សុផាន់ ហើយក៏ជាឈ្មួញឈើដ៏ធំប្រចាំស្រុកភ្នំស្រួចផងដែរ ដែលកន្លងមកមិន ដែលមានការបង្ក្រាបនោះទេ ។
ជានិច្ចកាលឈ្មួញឈើរូបនេះតែងតែប្រើប្រាស់រថយន្តពណ៌ត្រេអុី និងស្លាកលេខយោធាដើម្បីបម្រើប្រយោជន៍ខ្លួនក្នុងការដឹកទៅលក់ម្តងៗ ។
គួរបញ្ជាក់ថាកន្លងមកសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញនៅចំណុចខាងលើគេមិន ដែលឃើញអស់លោកមេព្រៃខាងសង្កាត់រដ្ឋបាលគិរីវ័ន្ត និងផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋបង្ក្រាបបានម្តងណាឡើយ ។ ទើបតែលើកនេះមានសេចក្តីរាយការណ៍ពីអ្នកពត៌ហើយមានបញ្ជាពីថ្នាក់ដឹកនាំមន្ទីរជំនាញពាក់ព័ន្ទទើបឃើញអស់លោកម្រៃទាំងនេះស្ទុះស្ទារ ចុះទៅកន្លែងស្តុក ។
បើតាមប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបសេដ្ឋមួយរូបបង្ហើបថា គាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលមានបញ្ជាពីថ្នាក់លើឲ្យចុះមកបង្ក្រាបឈើរបស់មន្តហរីយោធាហើយជាឈ្មួញឈើដ៏មានឥទ្ឋិពលម្នាក់នេះ ។ ព្រោះថាកន្លងមកឈ្មួញរូបនេះតែងតែមើលស្រាលចំពោះមន្ត្រីថ្នាក់ក្រោមជាខ្លាំងដោយសំអាងថាគេបានទាក់ទងជាមួយមេៗអស់ហើយ ។
ជាងនេះទៅទៀតក្នុង១យប់ៗឈើដឹកតាមឡានកង់ដប់មិនក្រោម៥ឡាននោះទេនេះនៅមិនទាន់គិតពីកូនចៅបងប្អូនរបស់គេផង ។
ប្រភពបន្តថា ពេលមានបញ្ជាពីថ្នាក់លើឲ្យចុះបង្ក្រាបលោក យឹម សុផាន់ បានទូរស័ព្ទទៅសួរមេៗថា តើរឿងនេះបែកការណ៍ពីខាងណា? ពេលនោះគាត់លឺមេៗនិយាយថា “ផាន់ ឯងកុំភ័យ ខាងមេព្រៃមិនឲ្យបែកការណ៍ទេខ្លាចតែមានដង្កូវខាងផាន់ឯង” ។
លោក ជា សារ៉ន នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានប្រាប់ថា “ការចុះមកបង្ក្រាបនេះគឺមានបញ្ជាពីថ្នាក់លើហើយក៏មានការសម្របសម្រួលពីលោកកែវសុធាព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងដឹកនាំដោយលោកព្រះរាជអាជ្ញារងអ៑ូផាត ។
ឈើទាំងអស់់មានចំនួនសរុប(បឋម)៤៧កំណាត់ជាប្រភេទម៉ៃតាប់ ដែលមានប្រវែងចាប់ពី៤ម៉ែត្រឡើងទៅ ។ ក្នុងការបង្ក្រាបនេះដែរសមត្ថកិច្ចប្រើប្រាស់កម្លាំងមានទាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថយ៉ាងព្រមទាំងមេព្រៃទូទាំងខេត្តយ៉ាងច្រើន ។
មេព្រៃមួយរូបបាននិយាយបែបលេងសើចថា ការប្រើប្រាស់កម្កាំងយ៉ាងច្រើនសន្ឋឹកបែបនេះដោយសារតែឈ្មួញឈើរូបនេះជាឈ្មួញ ដែលមានបទពិសោធន៍ច្រើន ដូច្នេះហើយ ទើបយកកម្កាំងមកដើម្បីងាយស្រួលជួយអន្តរាគមន៍ ។
នៅរសៀលថ្ងៃដដែលនេះសមត្ថកិច្ចកំពុងរង់ចាំឡានស្ទូចដើម្បីស្ទូចឈើយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ស្តីពីព្រៃឈើ ។
មតិមហាជនសង្ឃឹមថាលោក ជា សារ៉ន នឹងបំពេញនិតិវិធីដោយសុក្រិតបំផុតព្តោះថាទីតាំង ដែលស្តុកឈើនេះជាកន្លែង ដែលឈ្មួញខាងលើធ្លាប់ដាក់ម៉ាសុីរ៉ៃអារឈើនៅទីនេះច្រើនឆ្នាំមកហើយ ។
លោក ជា សារ៉ន បានប្រាប់ និងបដិសេធផងដែរ ថាមិន ដែលមានទំនាក់ទំនងឬបានទទួលលាភសក្ការៈពីឈ្មួញឈើខាងលើទេ ។
មតិមហាជនបានលើកឡើងថា ល្មមដល់ពេល ដែលខាងអធិការកិច្ចក្រសួងការពារជាតិកោះហៅលោក យឹម សុផាន់ ទៅសាកសួរម្តងហើយព្រោះសកម្មភាពដឹកជញ្ជូនឈើរបស់គាត់ធ្វើឡើងច្រើនឆ្នាំមកហើយ ជាងនេះទៅទៀតគេសង្ឃឹមថាលោកផ្កាយ៣ ដែលជាខ្នងបង្អែករបស់ឈ្មួញឈើឈ្មោះ យឹម សុផាន់ នេះ នឹងមិនបន្តការជួយជ្រោមជ្រែងបុគ្គលនេះតទៅទៀតទេ ចៀសវាងកុំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។
នៅជិតកន្លែងស្តុកឈើ គេរកឃើញមានប្រដាប់ប្រដារជក់ថ្នាំញៀនជាច្រើនទៀតផង ដែលប្រដាប់ប្រដារទាំងនេះ ត្រូវបានសង្ស័យថា ជារបស់ក្តុមកម្មករជក់មុនពេលលើកឈើនៅពេលយប់ម្តងៗ ៕ សេនាស័ក្តិ