ខេត្តសៀមរាប៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ឃាតខ្លួនជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាព បន្លំដកប្រាក់ ពីជនរងគ្រោះ ដែលនគរបាលក្រុងសៀមរាបសហការណ៍ជាមួយកម្លាំងនគរបាលការិយាល័យការពារ និងអន្តរគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទើបបង្ក្រាបបានកាលពីថ្ងៃ២០ រហូតដល់ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៨ បង្ហាញមុខជនសង្ស័យជាសាធារណៈតែម្ដង ។
កាលថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ ២០១៨ វេលាម៉ោង ១៧:៤៨នាទី ជនសង្ស័យម្នាក់ បានធ្វើសកម្មភាព យកលុយរៀលខ្មែរ ចំនួន៨០០០០រៀល បើកគណនីទ្រូម៉ាន់នី ផ្ទាល់ខ្លួន ហើយផ្ទេរទឹកប្រាក់ចំនួន១ដុល្លារ(មួយដុល្លារ) ទៅកាន់លេខទូរសព្ទ័ ០៦១ ៩៧០០៣៣ ដែលជារបស់ខ្លួន រួចហើយ បានទៅបន្លំដកប្រាក់ ពីទីតាំងភ្នាក់ងារទ្រូម៉ាន់នី របស់ឈ្មោះសុទ្ធ ពិសិដ្ឋ ភេទប្រុស អាយុ ៣៣ ឆ្នាំដែលមាន ទីតាំងស្ថិតនៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង,ខេត្តសៀមរាប ដោយប្រាប់ថាមកដកប្រាក់ ចំនួន១០០០ដុល្លារ(មួយពាន់ដុល្លារ) ពេលនោះប្អូនរបស់ជន រងគ្រោះឈ្មោះរ៉ែម សាហុច ភេទស្រី អាយុ២៣ឆ្នាំ ដែលជនរងគ្រោះពឹងឲ្យជួយមើលកន្លែងអាជីវកម្មរបស់ខ្លួន ក៏បានបញ្ចូលលេខកូដ ចូលម៉ាស៊ីន ក៏ស្រាប់តែចេញតួរលេខចំនួនទឹកប្រាក់ ១.០(មួយដុល្លារ) ស្មានតែចំនួនលុយ១០០០ដុល្លារ(មួយពាន់ដុល្លារ)មែនក៏យកប្រាក់ឲ្យជនសង្ស័យតែម្តង ។ ពេលបានលុយជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។
តាមពិតលុយដែលជនសង្ស័យត្រូវដក គឺចំនួន០១ដុល្លារ(មួយដុល្លារ)តែប៉ុណ្ណោះ តែជនសង្ស័យបានសរសេក្នុងក្រដាសដកយកលុយចំនួន១០០០ដុល្លារ(មួយពាន់ដុល្លារ) ។ ដោយទីតាំងរបស់ខ្លួនមានបំពាក់កាមរ៉ាសុវត្តិភាព ជនរងគ្រោះក៏បានយករូបថតមកដាក់ពាក្យបណ្តឹង នៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាមនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
លុះដល់ថ្ងៃ២០ ខែកុម្ភៈឆ្នាំ២០១៨វេលាម៉ោង១៩:០០នាទី ជនរងគ្រោះបានឃើញជនសង្ស័យ កំពុងតែឈរចូលដកប្រាក់នៅកន្លែង ផ្ទេរប្រាក់ទ្រូម៉ាន់នី ដែលមានទីតាំង ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក៏បានរាយការណ៏ជូនសមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗតែម្តង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ និងដោយមានការណែនាំពីលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នគរបាលផ្នែកព្រហ្មទណ្ឌដឹកនាំដោយលោកវរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរង ទទួលព្រហ្មទណ្ឌ បានសាកសួរ និងបើកការស្រាវជ្រាវបន្ថែម ចំពោះបទល្មើស ដែលជនសង្ស័យ ឈ្មោះ សុខា បារាំង ភេទប្រុស អាយុ ៣២ឆ្នាំ ភេទ ប្រុស ស្នាក់នៅភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង,ខេត្តសៀមរាប និង (ភូមិតាវៀន) សង្កាត់ សាលាកំរើក ។
ជាលទ្ធផល បានរកឃើញជនរងគ្រោះបន្ថែមម្នាក់ទៀត មានឈ្មោះ អ៊ុយ សុខា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ទីតាំងកន្លែងវេរលុយ នៅចំណុចជិតបេនឡាន ចុងកៅស៊ូ ស្ថិតក្នុងក្រុមទី៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ក៏បានរងគ្រោះខាតបង់លុយអស់ចំនួន១ពាន់ដុល្លារ តែជនរងគ្រោះកន្លងមកមិនបានដាក់ពាក្យបណ្តឹងទេ ដែលបង្ករឡើងដោយជនសង្ស័យរូបនេះ និងបក្សពួកម្នាក់ទៀត ផងដែរ ។
ចំណែកជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួន និងបក្សពួក ពិតជាបានប្រព្រឹត្ត បទល្មើសដូចការរៀបរាប់ខាងលើ បានចំនួន០២លើក ទទួលបានលុយចំនួន០២ពាន់ដុល្លារ យកទៅដើរស៉ីចាយអស់ហើយ ។
វត្ថុតាងដែលនគរបាលបានស្រាវជ្រាវ និងដកហូតបន្ថែមមាន
-ម៉ូតូម៉ាក វេសស្បា ពណ៌ខៀវផ្ទៃមេឃ លេខតួ+លេខម៉ាស៊ីន 1647544 ចំនួន០១គ្រឿង
-ទូរសព្ទ័ចំនួន០២គ្រឿង រួមជាមួយស៉ីមកាតជាច្រើនបន្ទះ
-វិក័យបត្រ័វេរប្រាក់ និងដកប្រាក់ជាច្រើនសន្លឹក
ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ។ ចំណែក បក្សពួកជនសង្ស័យម្នាក់ទៀត នគរបាល មានសវតាជាតិគ្រប់គ្រាន់ កំពុងស្វែងរកតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី