ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្រកូរ៉េខាងត្បូងទាមទារកាត់ទោសប្រហារជីវិតមេចារកម្មកូរ៉េខាងជើង

ចែករំលែក៖

ក្រោយពេលរដ្ឋាភិបាល ទទួលស្វាគមន៍ប្រធានគណៈប្រតិភូកូរ៉េខាងជើង ដែលជាប្រធានចារកម្មប្រទេសនេះ ទៅចូលរួមបិទការប្រកួតកីឡា អូឡាំពិករដូវរងាបង្កឲ្យមានវិវាទផ្ទៃក្នុងយ៉ាងខ្លាំង នៅកូរ៉េខាងត្បូង ។ តំណាងរាស្ត្រជាង៧០នាក់របស់កូរ៉េខាងត្បូង ទាមទារកាត់ទោសប្រហារជីវិតលោក Kim Yong Chol ។

មេដឹកនាំគណបក្ស កូរ៉េខាងត្បូងសេរី លោក Kim Sung Tae ប្រកាសថា មេក្រុមចារកម្មកូរ៉េខាងជើង Kim Yong Chol គឺជាអ្នកទោសសង្គ្រាម ហើយទាមទារប្រហារជីវិតនៅទីសាធារណៈ ។ លោក Kim Sung Tae បានបញ្ជាក់ថា« ទោះបីមេឃហែកជាពីរ ក៏យើងមិនអនុញ្ញាតឲ្យអ្នកទោស ចូលរួមនៅក្នុងពិធីបិទការប្រកួតកីឡា» ។

លោក Kim Yong Chol ត្រូវបានគេដឹងថា នឹងដឹកនាំគណៈប្រតិភូ ដែលមានសមាជិក៨នាក់ទៅកាន់កូរ៉េខាងត្បូង នៅថ្ងៃទី២៥ ខែកុម្ភៈ ដើម្បីបិទបញ្ចប់ការប្រកួតកីឡារដូវរងា ឆ្នាំ២០១៨ ។ គណៈប្រតិភូ ដឹកនាំដោយ ប្រធានចារកម្មកូរ៉េខាងជើង នឹងទស្សនកិច្ចកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ ។

លោក Kim Yong Chol ធ្លាប់កាន់តំណែង មេបញ្ជាការកងទ័ព នៅពេល ដែលលោកកាន់តំណែង រងការចោទប្រកាន់ពីបទនៅពីក្រោយការវាយប្រហារ ដោយមីស៊ីលបុក ទៅលើនាវាកូរ៉េខាងត្បូងសម្លាប់នាវឹក ៤៦នាក់ និងការវាយប្រហារទៅលើកោះ Yeongpyeong ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានភស្តុតាងណាមួយបញ្ជាក់ពីហេតុការណ៍ច្បាស់លាស់ថាជាទង្វើរបស់លោកឡើយ ។

បើទោះបីរងការប្រឆាំងយ៉ាងខ្លាំងពីតំណាងរាស្ត្រ និងពលរដ្ឋកូរ៉េខាងត្បូង ប៉ុន្តែក្រុមអ្នកឯកទេសវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយលោក Kim Yong Chol នឹងបន្តជម្រុញទំនាក់ទំនងកូរ៉េទាំងពីរកាន់តែជិតស្និទ្ធថែមទៀត ។

អ្នកនាំពាក្យ ក្រសួងឯកភាពជាតិកូរ៉េខាងត្បូង លោកBaek Tae Hyun បានបញ្ជាក់ថា នេះជាឱកាសដ៏ល្អបំផុតនៅក្នុងការកែប្រែទំនាក់ទំនងកូរ៉េទាំងពីរឈានទៅរកសន្តិភាពពេញលេញ នៅក្នុងតំបន់បញ្ចប់ការប្រឈមមុខដាក់គ្នា ។

ស្ថានភាពនៅឧប្បទ្វីបកូរ៉េ នាពេលនេះត្រូវបានក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ដល់ពេលវេលាហើយ ដែលកូរ៉េទាំងពីរត្រូវបញ្ចប់ សង្គ្រាម កូរ៉េជាផ្លូវការ ។ សហស្ថាបនិក នៃវិទ្យាសា្ថនគោលនយោបាយកូរ៉េ លោកស្រី គ្រីស្ទីន អាន (ChristineAhn) បានកត់សម្គាល់ថា បច្ចុប្បន្នដល់ពេលវេលាហើយ ដែលកូរ៉េទាំងពីរ ត្រូវតែបញ្ចប់ជាផ្លូវការសង្រ្គាមកូរ៉េ បន្ទាប់ពីមានបទឈប់បាញ់ អស់រយៈពេល ៦៥ឆ្នាំ មកនេះ ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ។

ចាប់តាំងពីសង្រ្គាមកូរ៉េ បានបញ្ចប់នៅឆ្នាំ១៩៥៣ ឧបទ្វីបកូរ៉េនៅតែបន្តស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមជានិច្ច រហូតមកទៅសព្វថ្ងៃ ដ្បិតទាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចុះហត្ថលេខាត្រឹមតែបទឈប់បាញ់ប៉ុណ្ណោះ មិនមែនជាសិទ្ធិសញ្ញាសន្តិភាពអ្វីនោះទេ ។ ផ្អែកលើស្ថានភាពបែបនេះ ទើបទីក្រុងសេអ៊ូល បានសម្រេចចិត្តយកសហរដ្ឋអាមេរិកធ្វើ ជាឆ័ត្រនុយក្លេអ៊ែរ ដើម្បីការពារការវាយប្រហារជាយថាហេតុណាមួយ ពីកូរ៉េខាងជើង ហើយមិនតែប៉ុណ្ណោះសម្ព័ន្ធមិត្តទាំងពីរ តែតែងធ្វើសមយុទ្ធយោធារួមគ្នា បើទោះជាមានការព្រមាន ពីទីក្រុងព្យុងយ៉ាងក៏ដោយ ។

ជុំវិញបញ្ហានេះដែរ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Sputnik លោកស្រី ChristineAhnបានបង្ហាញការជំទាស់នឹង ការធ្វើសមយុទ្ធយោធារវាង សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។ លោកស្រីបញ្ជាក់យ៉ាងដូច្នេះថា «យើងគួរតែជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធា ហើយស្ដាប់ប្រជាជនកូរ៉េទាំងពីរ ដែលចង់ឲ្យប្រជាជាតិកូរ៉េផ្សះផ្សា និងរួបរួមគ្នាឡើងវិញ» ។ លោកស្រីបន្ថែមទៀតថា បច្ចុប្បន្ន គឺជាពេល ដែលសហរដ្ឋអាមេរិកគួរតែដាក់សម្ពាធលើ កូរ៉េខាងត្បូងឲ្យបញ្ចប់ជាផ្លូវការនូវសង្រ្គាមកូរ៉េ មិនមែនសម្រាប់តែប្រជាជនកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីព្រលឹងនៃប្រជាជាតិមួយនេះ» ។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញជាច្រើន ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ អាចផ្ទុះឡើងសាជាថ្មី នៅក្រោយការបញ្ចប់ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នៅកូរ៉េខាងត្បូងនៅថ្ងៃទី២៥ ខែកុម្ភៈនេះ បើសិនជាទីក្រុងវ៉ាស៊ីនតោន និងទីក្រុង សេអ៊ូលធ្វើសមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំឡើងវិញ ។ ម្យ៉ាងវិញទៀត ទីក្រុងព្យុងយ៉ាង ក៏បានព្រមានដែរថា បើសមយុទ្ធយោធានេះកើតឡើងពិតនោះ សហរដ្ឋអាមេរិក នឹងបានស្គាល់អ្វីថា មីស៊ីលកូរ៉េខាងជើង៕


ចែករំលែក៖